ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅភ្នំពេញ និងខេត្តកណ្តាល ឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈ Comment នៅលើទំព័រ Facebook របស់សម្តេច ដោយឆ្លើយតបនឹងសំណូមអ្នកលេងហ្វេសបុកម្នាក់ឈ្មោះ «Ben KH» ដែលបានលើកជាសំណូមពរនៅលើទំព័រ ហ្វេសបុករបស់ សម្តេចស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយ ព្រោះថា ពេទ្យមិនអាចធ្វើមួយថ្ងៃ ឬមួយសប្តាហ៍អស់ទេ។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ ក្នុងខែឧសភា និងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱយបានមុន»។

សម្ដេចតេជោ បន្ដថា «សូមបងប្អូនអត់ធ្មត់រង់ចាំ បន្តិចវ៉ាក់សាំងនឹងយកទៅចាក់ជូនបងប្អូនឱយបានគ្រប់ៗគ្នា។ ខ្ញុំប្រើពាក្យថា ស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យ មានភាពសាំមិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។

To Top