ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ស្នើឱ្យអ្នកសារព័ត៌មាន បន្តផ្តល់ព័ត៌មានពិត ទៅប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ ការចម្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្នុងកាលៈទេសៈដ៏លំបាក និងប្រកបដោយគ្រោះថ្នាក់ពីជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ស្នើឱ្យអ្នកសារព័ត៌មាន បន្តផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗក្នុងពេលដ៏ខ្លីខាងមុខ។

តាមរយៈសារលិខិត ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ នាថ្ងៃទី៣ ឧសភា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សកលលោកចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេ ដែលមិនអាចខ្វះបាន ជាពិសេស នៅក្នុងកាលៈទេសៈដែលសកលលោកបាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លង់រាតត្បា តសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់ ឆ្លងមេរោគដ៏កាចសាហាវនេះ។

សម្ដេចតេជោ បន្ដថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យព័ត៌មានកាន់តែមានសារសំខាន់ថែមទៀត ក្នុងការបំរើ ផលប្រយោជន៍សាធារណជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដែលជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពក្នុង ការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការ ពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ ដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញ ឱ្យឃើញថា សា្ថប័ន សារព័ត៌មាន គឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។

សម្ដេចតេជោ មានប្រសាសន៍ថា «ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនិងប្រឈមបែបនេះក្ដីក៏អ្នកសារព័ត៌មានយើង បានខិតខំស្វែងរកព័ត៌មានផ្សព្វផ្សាយជូនសាធារណជនបានរហ័សទាន់សភាពការណ៍ និងបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅ គ្រប់ដំណាក់កាលយ៉ាងមានប្រសិទ្ធភាព និងទទួលបានជោគជ័យនាពេលកន្លងមក»។

សម្ដេចតេជោ បន្ដថា «ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តការខិតខំប្រឹងប្រែង ក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការ បង្ការជំងឺឆ្លងកូវី-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបិទ ខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្តាច់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ឈានទៅបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាង មុខ»។

សម្ដេចតេជោ បញ្ជាក់ជូនថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការ ចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។ សម្ដេច ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ទាំងអស់បង្កើនការយកចិត្តទុកដាក់សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញ បច្ចេកទេស ព្រមទាំងសីលធម៌ដល់អ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការ រីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សា យឌីជីថល ដើម្បីសម្រួលដល់ការបំពេញភារកិច្ចមានប្រសិទ្ធភាព។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញ ភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា ក៏ដូចជា នៅទូទាំងសកលលោក ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយបំពានទៅលើសិទ្ធិបុគ្គលឯកជន ដោយផ្សព្វផ្សាយព័ត៌ មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរចលាចល ក្នុង សង្គម។ ទន្ទឹមនេះ អ្នកព័ត៌មាន ក៏បន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លយ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយជនអគតិ៕

ដោយ ៖ អេង ប៊ូឆេង

To Top