ព័ត៌មានជាតិ

ត្រីមាសទី១ ចាប់រថយន្តដឹក លើសទម្ងន់ ៧១៧គ្រឿង និងពិន័យជាថវិកាបាន ជាង១,០០០ លានរៀល

ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ចំនួន៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកា ចំនួន១,០៧៤,២៧១,០០០ រៀល ។

យោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា « លេខាធិការដ្ឋានរបស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គិតចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងត្រីមាសទីមួយ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ៧១៧ គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ១,០៧៤,២៧១,០០០ រៀល»។

ក្រសួង ក៏បានណែនាំដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ត្រូវដឹងថា ការបង្កផលប៉ះពាល់ ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំង បង្កនូវគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

ជាងនេះទៅទៀត ក្រសួងសាធារណការ ក៏បានអំពាវនាវដល់ម្ចាស់រថយន្ដទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ព្រមទាំង គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនដឹកលើសទម្ងន់ ដើម្បីផ្លូវថ្នល់អាចប្រើប្រាស់បានយូរ ធ្វើដំណើរប្រកបនូវសុខសុវត្ថិភាព៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top