ព័ត៌មានជាតិ

អភិបាល រាជធានីភ្នំពេញ ក្រុង ហូជីមិញ និងរដ្ឋធានីវៀងចន្ទន៍ បើកកិច្ចប្រជុំត្រីភាគី ចែករំលែកបទពិសោធន៍ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈកិច្ចប្រជុំត្រីភាគី បានចែករំលែកបទពិសោធន៍ ការយកឈ្នះឱ្យបាន លើសមរភូមិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមាន នៅទីក្រុងទាំង៣ និងនៅលើពិភពលោក ទៅវិញទៅមក។

តាមរយៈ video conference កិច្ចប្រជុំមានការចូលរួម ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ង្វៀន ថាញ់ផុង (NGUYEN THANH PHONG) ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ លោក អាតសាផាងថង ស៊ីផាជន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ លោក វ៉ូក្លាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ប្រធានមន្ទីរការបរទេស ទីក្រុងហូជីមិញ, អគ្គកុងស៊ុលកម្ពុជា និងអគ្គកុងស៊ុលឡាវ ប្រចាំនៅទីក្រុងហូជីមិញ ។

ក្នុងនោះដែរ លោកឃួង ស្រេង អភិបាល បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត សម្រាប់ទីក្រុងទាំងបី “ភ្នំពេញ ហូជីមិញ និងវៀងចន្ទន៍” ក្នុងការប្រមូលផ្តុំ នូវកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីយកឈ្នះលើសមរភូមិ ប្រយុទ្ធនឹងជំងឺកូវី៥-១៩ ដ៏កាចសាហាវនេះ។ ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន ទីក្រុងទាំងបី នឹងបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួម របស់ប្រជាជនយើងទាំង ក្នុងក្របខ័ណ្ឌត្រីភាគី អាស៊ាន និងពិភពលោក ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើង ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញ វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការ របស់រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការបង្ការ-ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” គឺជាដំណាក់កាលដ៏ស្រួចស្រាល ប្រៀបដូចជារលកទី៣ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ដែលជាប្រភេទវីរុសបំប្លែងថ្មី។ ស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”ផ្តើមចេញដំបូងពីការឆ្លង នៅក្នុងចំណោមអ្នករស់នៅ តាមអគារខុនដូរក្នុងរាជធានីភ្នំពេញ ហើយក្រោយមក បានឆ្លងចូលទៅក្នុងក្រុម ប្រជាពលរដ្ឋប្រកបមុខរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តតាក់ស៊ី អ្នកលក់ដូរចល័ត ។ល។ និងបានឆ្លងបន្តចូលទៅក្នុង តំបន់រោងចក្រ និងផ្សារ ដែលជាហេតុ ធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពស្មុគស្មាញ និងពិបាកកំណត់ប្រភពចម្លង។ បើគិតពីពេលផ្ទុះការឆ្លងរាលដាល ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមកដល់ថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១ នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា យើងបានរកឃើញករណឺ វិជ្ជមានចំនួន១៧.៦២១ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានអ្នកវិជ្ជមានចំនួន ១១.៨៦៦ នាក់ ស្មើនឹង ៦៧% នៃចំនួនអ្នកឆ្លងទូទាំងប្រទេស រួមមានជនជាតិខ្មែរ ១១.៤០១ នាក់ និងជនបរទេស ៤៦៥ នាក់ ស្មើនឹង ១១ សញ្ជាតិ។

លោកឃួង ស្រេងបន្តថា ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺយើងអនុវត្ត ការងារចំនួន៣សំខាន់ទី១ វិធានការរដ្ឋបាល ២) វិធានការសុខាភិបាល និង ទី៣វិធានការគាំពារសង្គម។ ចំពោះ វិធានការរដ្ឋបាល យើងបានទប់ស្កាត់ ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត វិធានការបម្រាមគោចរ វិធានការរឹតត្បិតចំពោះ សកម្មភាពជួបជុំប្រមូលផ្តុំ និងអាជីវកម្មដ្ឋាន វិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ ការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្ត ការបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្ត្រ រាជធានីភ្នំពេញ រយៈពេល ០១ សប្តាហ៍ទៀត ដោយបែងចែកជា ៣តំបន់ គឺតំបន់ក្រហមតំបន់លឿងទុំ និងតំបន់លឿង ។ចំពោះវិធានការគាំពារសង្គមវិញ យើងបានផ្តល់ជំនួយ សង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាព នៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង “តំបន់ក្រហម” បានចំនួនជាង ២៨ម៉ឺនគ្រួសារ និងកំពុងផ្តល់ជូនបន្ថែមទៀត។

ក្នុងនោះលោកឃួង ស្រេង បានស្នើឲ្យប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ និងលោក អភិបាលរដ្ឋធានីវៀងចន្ទន៍ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ ដើម្បីជួយគាំទ្រ គ្នាទៅវិញទៅមក ក្នុងការស្តារវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសពិនិត្យលទ្ធភាព ពង្រីកកិច្ចសហប្រតិបត្តិការ ទៅក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់ សុខុមាលភាពសាធារណៈ ឱ្យកាន់តែទូលំទូលាយ សំដៅរួមគ្នាទប់ស្កាត់បញ្ហាសកល ដែលអាចកើតមាន នាពេលអនាគត៕

To Top