បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយប្រាប់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការដកទ័ពអាមេរិកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន នឹងប្រព្រឹត្តទៅមុនការគ្រោងទុកតិចតួច។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំអាចរាយការណ៍ប្រាប់លោកអ្នកនៅថ្ងៃនេះថា ការដកទ័ពកំពុងតែដំណើរការប្រព្រឹត្តទៅ ដែលពិតជាមុនការគ្រោងបន្តិបន្តួច។
លោកមិនបានផ្តល់សេចក្តីលម្អិត បន្ថែមលើការដកទ័ពនោះទេ ប៉ុន្តែសេចក្តីប្រកាសរបស់លោកនេះ បានលើកឡើងជាថ្មីនូវរបាយការណ៍មួយ ពីមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ ដែលថា ការដកទ័ពបានសម្រេចចន្លោះពី ១៦ភាគរយទៅ ២៥ភាគរយហើយ។
លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ បាននិយាយប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងបន្តមានវត្តមាន នៅដែនទំនួលខុសត្រូវនៃ ទីបញ្ជាការកណ្ដាល ហើយនឹងបន្តមានចំណងការទូត ជាមួយប្រទេសអាហ្វហ្គានីស្ថាន ៕
ប្រែសម្រួល៖ ប៉ាង កុង