ព័ត៌មានជាតិ

អាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់បុរសម្នាក់ មានជំងឺកូវីដ១៩ គេចវេស ពីការព្យាបាល

ភ្នំពេញ ៖ បុរសម្នាក់ ដែលមានជំងឺមានកូវីដ១៩ បានគេចវេស ពីការព្យាបាល ត្រូវបានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់បានយកមក ព្យាបាលវិញហើយ កាលពីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។ នេះបើតាមការផ្សព្វផ្សាយ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញនាថ្ងៃ៣១ ឧសភា ។

បុរសរូបនេះ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ ក៏ឃើញវិជ្ជមានកូវីដ១៩ ហើយក៏គេចខ្លួន មិនទទួលយកការព្យាបាល បើទោះក្រុមគ្រូពេទ្យ បានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផល យ៉ាងណាក៏ដោយ ។ ដោយមានការស្នើសុំឲ្យ ជួយអន្តរាគមន៍ ពីក្រុមគ្រូពេទ្យ កម្លាំងអន្តរាគមន៍ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល បានចេញដេញ តាមមុខសញ្ញា រហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ពេលនោះ សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំពីសារៈប្រយោជន៍ នៃការព្យាបាលព្រមទាំងទោសទណ្ឌ នៃការគេចវេស តែបុរសរូបនោះ នៅតែមិនព្រមស្ម័គ្រចិត្តទទួលយកការព្យាបាលទេ ថែមទាំងរើសដុំថ្មព្យាយាម វាយប្រហារមកលើសមត្ថកិច្ច ថែមទៀតផង ។ ដោយមានការហ៊ុព័ទ្ធ និងបង្ខំពីសមត្ថកិច្ច បុរសនោះក៏ព្រមឡើង រថយន្តជាមួយក្រុមគ្រូពេទ្យ ដើម្បីទៅព្យាបាល នៅមណ្ឌល សម្រាក ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង ។

បុរសនោះ មានឈ្មោះ ជា គា អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ករណីគេចវេសពីការព្យាបាល ត្រូវប្រឈមការផ្តន្ទាទោស ដាក់ពន្ធាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀលទៅ២០លានរៀល តែបើមានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ៕

To Top