ព័ត៌មានជាតិ

លោកត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងក្រសួងសាធារណការ ទទួលមរណភាព

ភ្នំពេញ ៖ លោកត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះដោយរោគាព៌ា ក្នុងជន្មាយុ៧២ឆ្នាំ ។

បើតាមហ្វេសប៊ុករបស់លោក សួន សេរីរដ្ឋា ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី១ មិថុនា នេះបានចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារលោកត្រាំ អ៊ីវតឹក ។

លោក សួន សេរីរដ្ឋា មិនបានបញ្ជាក់ថា លោកត្រាំ អ៊ីវ តឹកស្លាប់ដោយសារជំងឺអ្វីនោះទេ។

បច្ចុប្បន្ន លោក ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា លោក ត្រាំ អ៊ីវតឹក ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ មុនក្លាយជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ៕

To Top