ព័ត៌មានជាតិ

Top News: ជនជាតិចិន លួចចិញ្ចឹមតោ ឈ្មោលមួយក្បាល ខុសច្បាប់ នៅក្នុងផ្ទះ

ភ្នំពេញ ៖ បុរសជនជាតិម្នាក់ បានលបលួចចិញ្ចឹមសត្វតោ ឈ្មោលមួយក្បាល ដោយខុសច្បាប់ នៅក្នុងផ្ទះផ្ទះវីឡាមួយ កន្លែងស្ថិត នៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។ នេះបើតាមយោងតាមការផ្សាយ របស់ក្រសួងបរិស្ថាន ។

ក្រោយការ ស្រាវជ្រាវ ក្រុមការងារអនុវត្តច្បាប់ចម្រុះ បានចុះដកហូតសត្វតោមួយក្បាល ដែលជាប្រភេទសត្វកម្រ ដើម្បីយកទៅឲ្យអ្នកជំនាញ ថែរក្សាការពារបន្ត បន្ទាប់ពីប្រជាពលរដ្ឋជិតខាង បានរាយការណ៍ប្រាប់ អំពីការចិញ្ចឹមសត្វតោ។

ប្រតិបត្តិការ ចុះដកហូតសត្វតោ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡារបស់បុរសជនជាតិចិន។

យោងតាមច្បាប់ពលរដ្ឋ មិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ ។ ច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជា លក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វ ក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិ ត្រូវស្នើសុំច្បាប់អនុញ្ញាត។

ជាមួយគ្នានេះ ក្រសួងបរិស្ថានអំពាវនាវ ដល់ប្រជាពលរដ្ឋចូលរួមថែរក្សានិងអភិរក្សសត្វព្រៃ និងកុំព្យាយាមចាប់សត្វកម្រៗ មកចិញ្ចឹម នៅតាមផ្ទះដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះឲ្យនៅរស់នៅក្នុងព្រៃធម្មជាតិដើម្បីបង្កើនការបន្តពូជ បង្កើនចំនួន ប្រភេទសត្វកម្រៗ៕

To Top