ព័ត៌មានជាតិ

ស៊ីណូហ្វាម-ស៊ីណូវ៉ាក់ បានចូលបញ្ជីយន្តការ COVAX ជោគជ័យ

ភ្នំពេញ៖ ស្របពេលវ៉ាក់សាំងចិន ស៊ីណូហ្វាម និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ បានចូលក្នុងបញ្ជីឈ្មោះ នៃ យន្តការ COVAX យ៉ាងជោគជ័យ ក្រុមហ៊ុនទាំងពីរនេះ នឹងផ្គត់ផ្គង់វ៉ាក់សាំង កូវីដចំនួន១១០លានដូស ទៅកាន់យន្តការ COVAX ឲ្យមុនចុង ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់ ពីស្ថានទូតចិន ប្រចាំកម្ពុជា ។

ទូតចិនបន្តថា នាថ្ងៃ១២ កក្កដា សម្ព័ន្ធថ្នាំបង្ការសកល (GAVI) បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ទិញមុន (Pre Order) ជាមួយក្រុមហ៊ុន China National Pharmaceutical Group Corporation និងក្រុមហ៊ុន Sinovac Biotech ។

ស្ថានទូតបានឲ្យដឹងទៀតថា «នេះមានន័យថា វ៉ាក់សាំងចិនស៊ីណូហ្វាម និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ បានចូលក្នុងបញ្ជីឈ្មោះ នៃយន្តការ COVAX និងព្រមទាំងអាចផ្គត់ផ្គង់វ៉ាក់សាំង ជូនដល់យន្តការ COVAX ដើម្បីប្រើប្រាស់ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុស ក្នុងប្រទេស កំពុងអភិវឌ្ឍន៍ ដោយចាប់ពីខែកក្កដានេះតទៅ ។ យោងតាមកិច្ចព្រមព្រៀងខាងលើក្រុមហ៊ុនចិន ទាំងពីរនេះ នឹងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ចំនួន១១០លានដូស ទៅកាន់យន្តការ COVAX មុនចុងខែតុលាឆ្នាំនេះ នឹងបន្តផ្គត់ផ្គង់រយៈពេលវែងជាបន្តបន្ទាប់» ។

ប្រភពដដែលបន្តថា ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង រវាងក្រុមហ៊ុនចិនទាំងពីរនេះ ជាមួយនឹងសម្ព័ន្ធ GAVI ជាការបង្ហាញពីលក្ខណៈសំខាន់ នៃការអនុវត្តសកម្មភាពជាក់ស្តែងរបស់ចិន ក្នុងការចាត់ទុកវ៉ាក់សាំងជា ផលិតផលសាធារណៈ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកល ដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួល ផ្តល់ឲ្យប្រទេសទាំងអស់ ក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ឲ្យបានឆាប់ ។

មជ្ឈមណ្ឌលកូវ៉ាក់ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូ ជាមួយអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជាគឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោម ប្រទេសដំបូងគេ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំង ពីមជ្ឈមណ្ឌលកូវ៉ាក់នេះ ក្រោយពីវ៉ាក់សាំងអាស្ដ្រា ហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ទទួលអាជ្ញាបណ្ណផលិត ដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា បានមកដល់កម្ពុជានាយប់ថ្ងៃ២ មីនា ។ AstraZeneca ជាចំនួនវ៉ាក់សាំងលើកដំបូង ផ្តល់ជំនួយឲ្យកម្ពុជា ពីមជ្ឈមណ្ឌលកូវ៉ាក់ ៕

To Top
×