ព័ត៌មានជាតិ

អង់គ្លេស ទទួលបានឋានៈ ជាដៃគូសន្ទនាទី១១ របស់អាស៊ាន (Video)

ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤ កាលពីថ្ងៃទី២ សីហា រដ្ឋមន្រ្ដីការបរទេស អាស៊ាន បានឯកភាពផ្តល់ ឲ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ សីហានេះ បានឲ្យដឹងថា «រដ្ឋមន្ត្រីការបរទេស រីករាយក្នុងការផ្តល់ ឋានៈជាដៃគូកិច្ចសន្ទនា តាមវិស័យអាស៊ាន ដល់អេមីរ៉ាតអារ៉ាប់រួម ដោយត្រូវរង់ចាំការបញ្ចប់ នីតិវិធីជាផ្លូវការ ។ រដ្ឋមន្រ្ដីក៏បានឯកភាព ផ្តល់ឲ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន។ សម្រាប់ទំនាក់ទំនង ខាងក្រៅ រដ្ឋមន្ត្រីបានឯកភាពចាប់ផ្តើមពិនិត្យ ឡើងវិញគ្រប់ជ្រុងជ្រោយ ទៅលើការផ្អាក (Moratorium) ទទួលយកភាពជាដៃគូ សន្ទនាថ្មី នាពេលកន្លងមក» ។

ជាមួយគ្នានេះ ប្រទេសសមាជិកអាស៊ាន ក៏បានឯកភាព ចំពោះការចូលជាសមាជិក នៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់ដាណឺម៉ាក ក្រិច ហូឡង់ ប្រទេសអូម៉ង់ រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម និងបានទន្ទឹងរង់ចាំការចុះហត្ថលេខា លើលិខិតតូបករណ៍ចំពោះការ ចូលជាសមាជិករបស់បណ្ដា ប្រទេសខាងលើ តាមពេលវេលាសមស្រប ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធានាថា ការចូលរួមរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ គឺគាំទ្រដល់មជ្ឈភាពអាស៊ាន ដែលស្របនឹងគោលការណ៍អាស៊ាន រួមមាន ទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ៕

To Top