ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោល លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងថា ក្រុមន្រ្តីជំនាញរបស់ខេត្តកំពុងតាមរកមនុស្សម្នាក់ ក្រោយមានសេចក្តីរាយការណ៍បានបាត់ខ្លួនពេលកំពុងភ្លៀងខ្លាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ។

លោក ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៥ សីហា ថា ដោយសារមានព័ត៌មានមកថា មានមនុស្សម្នាក់បាត់ខ្លួន តែមិនដឹងថា បាត់ដោយសារទឹកគួច ឬហូរទៅតាមទឹក ហើយ រំដោះខ្លួនឯងពីទឹកឬយ៉ាងណានោះទេ ។

ចំពោះស្ថានភាពទឹកជំនន់ទឹកភ្លៀងវិញលោកថា គិតមកដល់ព្រឹកថ្ងៃ២៥ សីហានេះ ទឹកមានសភាពធម្មតាមិនឡើងមិនចុះ ។
សម្រាប់ការខូចខាត់ទ្រព្យសម្បត្តិពលរដ្ឋដោយសារទឹកភ្លៀងនោះ លោកថា ជៀសមិនផុតទេ ពិតជាមានខ្លះៗហើយ ហើយក្រុមមន្រ្តីកំពុងដើរបូកសរុបនៃការខូចខាតនេះ ។
លោកស្នងការខេត្តបន្តថា ចាប់តាំងពីដើមឆ្នាំ២០២១រហូតមកដល់ពេលនេះ ទើបតែពីថ្ងៃ២៤ សីហានេះទេ នៅព្រះសីហនុមានភ្លៀងខ្លាំងជាងរាល់ដង ហើយទំហំទឹកហូរបុកយកមួយទំហឹងតែម្តង ។

សូមបញ្ជាក់ថា កាលពីនៅយប់ថ្ងៃ២៤ សីហា នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង ៥ល្ងាច ដល់ម៉ោង៨យប់ មានភ្លៀងធ្លាក់ខ្លាំង ដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មីលីម៉ែត្រ ទៅដល់២៧៩មីលីម៉ែត្រ សរុបបរិមាណទឹកភ្លៀង ២៨៥៨,១ មីលីម៉ែត្រ បណ្តាលឲ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន រហូតមកដល់ម៉ោង១០យប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ៕
