ព័ត៌មានជាតិ

ក្រុមហ៊ុន ជីប ម៉ុង គ្រុប ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺន ដុល្លារ និងឱសថ Lianhua Qingwen Jiaonang មួយម៉ឺនប្រអប់ ជូន TYDAដើម្បីរួមចំណែក ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងឱសថLianhua Qingwen Jiaonang មួយម៉ឺនប្រអប់ ដើម្បីរួមចំណែក ជាមួយសមាគម ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ដែលពិធីប្រគល់ ទទួលនេះក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអរគុណថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមឧបត្ថម្ភថវិកា ជូនដល់TYDA។ លោកស្រីបន្តថាការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាល នៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារ TYDA និងយុវជន​ស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ច​យ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការ ការពារយ៉ាងហ្មត់ចត់ ក៏ដូចជាកិច្ចខិតខំ ឥតគណនារបស់កងទ័ព ក្នុងការជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ។ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ការបរិច្ចាគរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងជួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតប យ៉ាងឆាប់រហ័ស ជាពិសេស ស្របពេលដែលវីរុសបំប្លែងថ្មី Delta កំពុងរាតត្បាត នៅក្នុងប្រទេស។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួន អ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើន បានចូល​រួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ TYDAដែលចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងម៕

To Top