ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េ ៣ថ្ងៃ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ឆុង អើយយ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េ ពីថ្ងៃទី៦-៨ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២ កញ្ញានេះ បានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញជួបពិភាក្សាផ្លូវការជាមួយលោក ឆុង អើយយ៉ុង ដែលនៅក្នុងឱកាសនោះ បញ្ហានានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយនិងការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នឹងត្រូវបានលើកយកមកពិភាក្សា សំដៅពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដែលល្អ ស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាផងដែរ។

នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ឆុង អើយយ៉ុង នឹងអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១១ ដោយផ្ទាល់ ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសនៃ បណ្តាប្រទេសមេគង្គផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ តាមប្រព័ន្ធវីដេអូ ផងដែរ។

កិច្ចប្រជុំនេះ នឹងធ្វើកាពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋ កូរ៉េ យន្តការដែលបានកំណត់ នៅក្នុងផែនការសកម្មភាព (២០២១-២០២៥) ការចូលរួមចំណែករបស់វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសមេគង្គ- សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកនូវទស្សនៈនានា ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ និងសកល រួមមានការប្តេជ្ញារួមក្នុងការដោះស្រាយ វិបត្តិគំរាមកំហែង សុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ជាដើម ៕

To Top