ព័ត៌មានជាតិ

ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបានដកចេញពីតំណែង ដោយសារភាព មិនប្រក្រតី លើការគ្រប់គ្រង (Video)

បន្ទាយមានជ័យ ៖ ក្រោយផ្ទុះរឿងអាស្រូវខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងអង្គភាពរបស់ខ្លួន កាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានក្រុមប្រឹក្សាវិន័យសម្រេច ដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឡើងជំនួសវិញ។ នេះបើតាម លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

លោក អ៊ុ រាត្រី បានបញ្ជាក់ថា «ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍនេះ ដោយសារខ្វះទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងរបស់លោក ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ហើយរឿងនេះ ក៏ដឹងដល់សម្តេចតេជោផងដែរ» ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានដឹងដែរថា ក្រោយ មានរឿងខ្វះទំនួលខុសត្រូវគ្រប់គ្រងរបស់លោកច័ន្ទ វិឌ្ឍីណាវុឌ្ឍ ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យបានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់ទំនុកចិត្តដល់លោកបណ្ឌិត ទុ បារាំង អនុប្រធានឲ្យឡើងជាបេក្ខជនប្រធានថ្មី»។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បន្តថា «ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ»។

សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីនេះ កើតឡើងក្រោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលរលាកខ្នែងពោះវៀនកម្រិតធ្ងន់ ហើយត្រូវវះកាត់ ដោយសារក្នុងឃ្លាំងឈាម នៃមន្ទីរពេទ្យគ្មានឈាម។

នាឱកាសបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបានសរសេរបង្ហោះក្នុងគណនី Facebook ផ្លូវការរបស់ថា «កាលពីយប់ម៉ោង១០៖៥នាទី បានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ។ ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវា ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ”។

ក្រោយឃើញសំដីរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍនេះរួច លោកអភិបាលខេត្តបន្ទាយជ័យ បានលើកជាសំណួរថា តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ។ លោកថា នេះមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំ លើការផ្តល់សេវារបស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ ៕

To Top