ព័ត៌មានជាតិ

លោក យ៉ង់សាំង កុមារ ស្វាគមន៍ចំពោះសម្តេចតេជោ ស្តាប់ហេតុផល លោកបណ្ឌិតសេង សារី

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉ង់ សាំងកុមារ បានស្វាគមន៍ដូចជាគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានស្តាប់ហេតុផលលោកបណ្ឌិត សេង សារី ។ សម្តេចថា ការបកស្រាយរបស់លោក សេង សារី មានហេតុផល ទើបសម្តេចបានស្នើឲ្យស្ថាប័នតុលាការពិចារណាបញ្ឈប់ដីការ ចាប់ខ្លួនលោកបណ្ឌិតរូបនេះ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក យ៉ង់សាំង កុមារ នាថ្ងៃ២០ កញ្ញា ថា “នេះជាលើកទី១ហើយយដែលខ្ញុំ ចែករំលែកបន្តសារនៅផេករបស់ប្រមុខរដ្ឋាភិបាលខ្មែរ។ ខ្ញុំសូមស្វាគមន៍ ការផ្លាស់ប្តូរ ការសម្រេចចិត្ត ដោយឲ្យតម្លៃលើការស្តាប់ហេតុផលនានា”។

សម្តេចតេជោ នៅថ្ងៃ២០ កញ្ញា បានស្នើឲ្យស្ថាប័នតុលាការ ពិចារណាបញ្ឈប់ចេញដីការចាប់ខ្លួន លោកបណ្ឌិត សេង សារី ។ ការស្នើបញ្ឈប់របស់សម្តេចតេជោនេះ ក្រោយសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។

កាលពីថ្ងៃ១៧ កញ្ញា លោកបណ្ឌិត សេង សារី ត្រូវបានសម្តេចតេជោផ្ញើសារចេញពីវិមានសន្តិភាពក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ទៅកាន់រូបលោក អំពីការវិភាគរបស់ខ្លួន។ លោកបណ្ឌិត សេង សារី ត្រូវបានគេដឹងថា បានបញ្ចេញយោបល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ អ្វីដែលជាចំណុចសំខាន់ គឺត្រង់លោកបានចេញមតិចំពោះគម្រោងការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ៕

To Top