ព័ត៌មានជាតិ

កុមារ អាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់វ៉ាក់សាំងកូវីដ-១៩ ជិត២៦%

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ ក្រសួងសុខាភិបាល បានថ្លែងថា មកដល់ទល់ពេលនេះ មានកុមារ អាយុ៦ ដល់ក្រោម១២ឆ្នាំ មកចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន២៥,៩៤%ហើយ ក្រោយពី មាតា-បិតា ស្ម័គ្រចិត្តនាំកូនៗរបស់ ពួកគាត់មកទទួលវ៉ាក់សាំងដោយក្ដីរីករាយ។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គមឲ្យកាន់តែធំ ដែលអាចឈានទៅបើកលំហរ សកម្មភាពក្នុង សង្គមឲ្យកាន់ តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការ ចាក់វ៉ាក់សាំងនេះ ដើម្បីឲ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។

ក្រោយបញ្ចប់បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ នៅខេត្តព្រះវិហារ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា វឌ្ឍនៈភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺទទួលបានផលិតផលល្អមែនទែន ។

លោកស្រីបញ្ជាក់ថា «គិតពីយប់មិញ យើងបូកសរុបទៅ យើងចាក់បាន ៩៨,២៧ភាគរយ។ ដោយឡែក សម្រាប់ ក្រុមមានអាយុចាប់ពី ១២ ទៅក្រោម ១៨ឆ្នាំ យើងចាក់បាន ៨៨ភាគរយ។ ក្នុងរយៈពេល ៣ថ្ងៃ ក្រោយពីប្រកាស ដាក់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមកុមារ ៦ឆ្នាំ ទៅក្រោម ១២ឆ្នាំ គឺយើងចាក់បាន ២៥,៩៤ភាគរយហើយ គឺលឿនណាស់។ បើទូទាំងប្រទេសសរុប ក្នុងចំណោម ប្រជាពលរដ្ឋប្រហែលជា ១៦លាននាក់នេះ គឺទទួលបាន ៧៥,៣១ភាគរយហើយ»។

លោកស្រីសង្កេតឃើញថា មាតា-បិតា គាត់ស្ម័គ្រចិត្តនាំកូន របស់ពួកគាត់ ចាក់វ៉ាក់សាំងកូវីដ-១៩ ទើបធ្វើឱ្យល្បឿន នែការចាក់វ៉ាក់សាំងនេះ មានភាពលឿន។ លោកស្រី ក៏បានអំពាវនាវ ដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវបង្កើនយុទ្ធនាការអប់រំ ប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការសុខាភិបាល ជាប់ជានិច្ច ព្រោះថា វត្តមានកូវីដ-១៩ នាពេលបច្ចុប្បន្នមាន គ្រប់ពេលវេលា ។

លោកស្រី រដ្ឋលេខាធិកា ក៏បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន នៅបន្ដជួបជុំគ្នាដដែល ដូច្នេះ ប្រជាពលរដ្ឋ ត្រូវកែវប្រែខ្លួន ព្រោះ វិរុសបំប្លែងថ្មី កំពុងចរាចរខ្លាំងណាស់នៅកម្ពុជា ។ លោកស្រី បានបន្ដថា ទោះបីប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយក៏ដោយ ក៏ឆ្លងជំងឺកូវីដ-១៩ ដែរ ដូច្នេះ ប្រជាពលរដ្ឋគ្រប់បន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ ៕

To Top