ព័ត៌មានជាតិ

កុំភ្លេចខ្លួន! អំឡុង បុណ្យកាន់បិណ្ឌប៉ុន្មានថ្ងៃ កូវីដនៅតែបន្តឆ្លង

ភ្នំពេញ៖ ទោះបីពិធីបុណ្យកាន់បិណ្ឌ បាននឹងកំពុងប្រារព្ធ និងបុណ្យភ្ជុំបិណ្ឌ នឹងឈានមកដល់ក្នុងពេលខាងមុខ យ៉ាងណាក្ដី វិបត្តិសកល មេរោគកូវីដ១៩ នៅតែបន្តវាយលុក លើមនុស្សជាតិ មិនថាចាស់ឬក្មេង អាចារ្យឬព្រះសង្ឃ និស្សិតឬប្រជាពលរដ្ឋឡើយ ឱ្យតែភ្លេចខ្លួន វានឹងជ្រៀតចូលក្នុងខ្លួន ជាក់ជាមិនខាន។

ជាក់ស្ដែងគិតត្រឹម ថ្ងៃកាន់បិណ្ឌទី២នេះ វត្តអារាម ផ្សារតូចធំ ហាង ភោជនីយដ្ឋាន និងទីតាំងជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន បានបន្តរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ទៅលើព្រះសង្ឃ តាអាចារ្យ សិស្សនិស្សិត និងប្រជាពលរដ្ឋ។

យោងតាម អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថាមានវត្តអារាម ចំនួន២ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ (វត្តនាគវ័ន និងវត្តមុនីសុវណ្ណហៅក្រៅវត្តចំពុះក្អែក) ។ជាមួយគ្នានេះ អាជ្ញាធរសម្រេចបិទខ្ទប់វត្តចំពុះក្អែក ដែលមានទីតាំងស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។

ដោយឡែកបើតាម អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖

១/ មានករណី អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta បានចូលទៅទីតាំងហាង កាតុង ឡាកសា (Eat Lah) ផ្លូវលេខ288 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ វេលាម៉ោង ១២:៥៤នាទី ដល់ម៉ោង ១៣:៣៧នាទី ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១ ។

២/មានករណី អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta បានចូលទៅ ទីតាំងហាង Paris Baguette សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង ០៩:៤៧នាទី ដល់ម៉ោង ១០:២៦នាទី ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនដែលបានទៅចូលទីតាំងខាងលើ ក្នុងអំឡុងពេលនោះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញ ទៅធ្វើតេស្តសំណាក នៅតាមទីតាំងដែលជិតបំផុត៕

To Top
×