ព័ត៌មានជាតិ

អូស្ដ្រាលី ប្ដេជ្ញាគាំទ្រការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជំរុញការវិនិយោគ វិស័យកសិ-ចំណីអាហារ

ភ្នំពេញ ៖ លោក ប៉ាប្លូ កាង (PABLO KANG) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការ ប្ដេជ្ញាចិត្តរបស់ រដ្ឋាភិបាលអូស្ត្រាលី គាំទ្រដល់ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ជាពិសេស ជំរុញការវិនិយោគវិស័យ កសិ-ចំណីអាហារ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈយោតយល់ ស្ដីពីការរៀបចំហិរញ្ញប្បទានសម្រាប់គាំទ្រ ការប្រតិបត្តិ របស់តុវិនិយោគ កសិ-ចំណីអាហារ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធដេអូ លោក ប៉ាប្លូ កាង បានថ្លែងថា «រដ្ឋាភិបាលអូស្ត្រាលី គាំទ្រដល់ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់ផលិតភាព ក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នា ជំរុញការវិនិយោគក្នុងវិស័យ កសិ-ចំណីអាហារ»។

លោកបន្ដថា ការផ្តល់ហិរញ្ញប្បទាន ដល់ការប្រតិបត្តិ របស់តុវិនិយោគ កសិ-ចំណីអាហារ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នាពេលនេះ គឺជាការចូលរួម បន្ថែមទៀត របស់អូស្ត្រាលី ក្នុងការជួយបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការជំរុញទាក់ទាញ និងថែរក្សាការវិនិយោគ ក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ចំណីអាហារ។

ជាការឆ្លើយតប លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានផ្តល់ជំនួយបច្ចេកទេស ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើសកម្មភាពជំរុញការ វិនិយោគ ក្រោមកម្មវិធីច្រវាក់តម្លៃ កសិកម្មកម្ពុជា-អូស្ត្រាលី (CAVACII)។

លោក ក៏បានវាយតម្លៃខ្ពស់ ចំពោះស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា សម្រាប់តួនាទីក្នុងការ ផ្តល់ជំនួយបច្ចេកទេស ដើម្បីពន្លឿនការស្ដារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចុះបញ្ជីតម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៣៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៩,៧ ប៊ីលានដុល្លារអាមេរិក៕

To Top