ព័ត៌មានជាតិ

គណបក្សកែទម្រង់កម្ពុជា ស្នើរាជរដ្ឋាភិបាល ដាក់ថ្ងៃ២៣ តុលា ជាថ្ងៃបុណ្យជាតិឡើងវិញ

ភ្នំពេញ ៖ គណបក្សកទម្រង់កម្ពុជា ដែលមានលោក អ៊ូ ច័ន្ទរ័ត្ន ជាស្ថាបនិក និងលោក ប៉ុល ហំម ជាប្រធាននោះ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាដាក់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ជាថ្ងៃបុណ្យជាតិឡើងវិញ ។

ឆ្នាំ២០២២នេះ គឺជាខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) ។ ចំពោះថ្ងៃ២៣ តុលានេះ គណបក្សកទម្រង់កម្ពុជា បានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រដែល កម្ពុជាទទួលបាននូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។

ក្រៅពីនេះ គណបក្យក៏កំណត់ថា កិច្ចព្រមព្រៀងសន្តិភាពនេះ ជាឯកសារផ្លូវច្បាប់ដ៏មានសារៈសំខាន់ ចំពោះស្មារតី នៃការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍជាតិ តាមបែបប្រជាធិបតេយ្យ ។ កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា នៅតែបន្តធានា ចំពោះការបោះឆ្នោត ដែលមានលក្ខណៈប្រជាធិបតេយ្យ ពហុបក្ស ដោយសេរី និងស្មើភាព ។ នេះយោងតាមសេចក្តីថ្លែង ការណ៍របស់ គណបក្សនាថ្ងៃ២២ តុលា។

សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា “ក្នុងឱកាសខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលានេះ គណបក្សកែទម្រង់កម្ពុជា សូមអំពាវនាវដល់រាជរដ្ឋាភិបាល ក្នុងការពិចារណាដាក់ថ្ងៃ២៣ តុលា ជាថ្ងៃបុណ្យជាតិឡើងវិញ” ។

គណបក្សក៏បានស្នើគ្រប់ភាគីដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បន្តគោរពស្មារតី និងអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីសន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងគោរពសិទ្ធិមនុស្ស ឯករាជ្យភាព និងភាពរីកចម្រើនកម្ពុជា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ធ្លាប់បានឲ្យដឹងថា ការកាត់បន្ថយថ្ងៃឈប់សម្រាក របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលានេះ ដើម្បីប្រកួតប្រជែង ទាក់ទាញវិនិយោគពីបរទេស រកការងារឲ្យកូនចៅ ប្រជាជនមានការធ្វើទេ តែប៉ុណ្ណោះ គ្មានអ្វីផ្សេងពីនេះទេ។

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិក កម្មករប្រចាំឆ្នាំ២០២០ ដោយសម្រេច កាត់បន្ថយចំនួន៦ថ្ងៃ ពោលពី២៨ថ្ងៃ មកនៅត្រឹម ២២ថ្ងៃវិញ ។ ការលុបចោល ថ្ងៃឈប់សម្រាក ទាំងនោះមានដូចជា កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា , ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ , ថ្ងៃបុណ្យមាឃបូជា និងទិវាកុមារអន្តរជាតិ ៕

To Top