ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាល អាស៊ាន-ចិន អនុម័តលើឯកសារ ចំនួន៣ និងធ្វើការកត់សម្គាល់ ទៅលើឯកសារ ចំនួន២

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង ប្រមុខមេដឹកនាំ នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៤ ក្រោមកិច្ចដឹកនាំផ្ទាល់ពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា និងលោក លី ខឹជាំង នាយករដ្ឋមន្ត្រីនៃចិន ជាសហប្រធានដឹកនាំអង្គប្រជុំ ។

ជាលទ្ធផល នៃកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៤ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើឯកសារ ចំនួន៣ និងធ្វើការកត់សម្គាល់ ទៅលើឯកសារ ចំនួន២ រួមមាន ៖ ទី១-សេចក្ដីប្រកាសរួម នៅក្នុងកិច្ចប្រជុំ កំពូល អាស៊ាន-ចិន ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន ,ទី២ សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌអាស៊ាន ស្ដារឡើងវិញ គ្រប់ជ្រុងជ្រោយ និងទី៣-សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីការពង្រឹង ការអនុវត្តបៃតង និងប្រកបដោយចីរភាព។

ដោយឡែក ឯកសារ ចំនួន២ ដែលធ្វើការកត់សម្គាល់ រួមមាន៖ ទី១-ឯកសារវឌ្ឍនភាព ស្ដីពីការអនុវត្តផែនការ សកម្មភាព ដើម្បីអនុវត្តជាភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពឆ្នាំ២០២១-២០២៥ និងទី២-ឯកសារទស្សនទាន ស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការបច្ចេកទេស របស់ចិនជាមួយអាស៊ាន ។

ឆ្នាំនេះ អាស៊ាន-ចិន បានធ្វើមិត្តជាមួយគ្នា លើនយោបាយ ៣០ឆ្នាំហើយ, ធ្វើទំនាក់ទំនង ៣០ឆ្នាំ ប៉ុន្តែភាពជាដៃគូសន្ទនានេះ ២៥ឆ្នាំ ដៃគូយុទ្ធសាស្ត្រ ១៨ឆ្នាំ ។ អ្វីដែលសំខាន់ ប្រមុខរដ្ឋាភិបាល អាស៊ាន-ចិន បានឯកភាពដំឡើង ភាពជាដៃគូនេះ នៅពេលដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ហើយប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានឯកភាពគ្នា នឹងមានកិច្ចប្រជុំ ដើម្បីប្រារព្ធខួប អនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃ គូសន្ទនាអាស៊ាន-ចិន នៅខែក្រោយ ។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ចិនបានក្លាយជាប្រទេសមានពាណិជ្ជកម្មធំជាងគេជាមួយអាស៊ាន ហើយវិនិយោគ ក៏មានច្រើនជាងគេដែរ ។ ចិនបានក្លាយជាប្រភពទី៤ នៃវិនិយោគក្នុងប្រទេសអាស៊ាន ផងដែរ។

បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាល អាស៊ាន បានថ្លែងអំណរគុណដល់ នាយករដ្ឋមន្ត្រីចិន ដែលបានផ្ដល់នូវការគាំទ្រ ជាច្រើន ជាពិសេស វ៉ាក់សាំងដល់បណ្ដាប្រទេសអាស៊ាន ផ្ដល់ការគាំទ្រ ក្នុងការកសាងសហគមន៍អាស៊ាន បន្តគាំទ្រដល់ សមាហរណកម្ម អាស៊ាន ហើយជាពិសេសទៀត គឺបន្តធ្វើយ៉ាងណា គាំទ្រដល់កិច្ចសហប្រតិបត្តិការ ជាច្រើនវិស័យ ជាពិសេស ទៀតនោះ គឺឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានលើកឡើងដោយធ្វើយ៉ាងណា កសាងសម្ព័ន្ធភាព និងការនិងកិច្ចសហការលើ វិស័យសុខាភិបាល ហើយនឹងបន្តពង្រឹង និងពង្រីក សមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា ហើយជាពិសេសទៀត ក្នុងការលើក តម្កើងក្នុងការអភិវឌ្ឍ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ហើយនឹងបន្តគាំទ្រ លើនវានុវត្តទាំងសងខាងផងដែរ នឹងបន្តជំរុញកិច្ច សហការបៃតង។

លើសពីនេះ ភាគីចិន នឹងបង្កើនចំនួន ថវិកាចំនួន ១០លានដុល្លារទៀត ទៅក្នុងមូលនិធិកិច្ច សហការ អាស៊ាន-ចិន ជាពិសេស ដើម្បីជំរុញការគាំទ្រ ដល់និស្សិតពីអាស៊ាន ទៅរៀន នៅប្រទេសចិនសម្រាប់យុវជន ។ ជារួម កិច្ចប្រជុំទទួល បានផលជាច្រើន ហើយភាគីទាំង២ ក៏បានផ្លាស់ប្ដូរយោបល់គ្នា ជុំវិញសមុទ្រចិន ខាងត្បូង បន្តជំរុញកិច្ចសហប្រតិបត្តិការ និងការបន្តចរចាទៅមុខ ទៀត ពាក់ព័ន្ធនឹង COC ៕

To Top