ព័ត៌មានជាតិ

ប្រមុខការពារជាតិ អរគុណមិត្តចិន ដែលជួយប្រយុទ្ធប្រឆាំង ជំងឺកូវីដ និងអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច កម្ពុជា

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណមិត្តចិន ដែលចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុមនុស្សជាតិ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេស រួមចំណែក ដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ក្នុងពិធីប្រគល់-ទទួល សម្ភារៈវេជ្ជសាស្ដ្រពីក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានវាយតម្លៃថា ការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំង បានទាន់ពេលវេលានេះ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេស ដែលមានអត្រាគ្របបណ្ដប់ នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសកលលោក។

សម្ដេច បានបន្ដថា ភាពជោគជ័យ នៃការអនុវត្ត យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ជូនប្រជាជន នាពេលកន្លងមក បានបញ្ជាក់ច្បាស់ថា វត្តមានកង យោធពលខេមរភូមិន្ទ បានរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចដំណើរការចាក់ វ៉ាក់សាំងនេះ ហើយជោគជ័យ ទាំងអស់នេះ មិនអាចខ្វះបាននូវការជួយគាំទ្រឧបត្ថម្ភទាំង វ៉ាក់សាំង សម្ភារៈវេជ្ជសាស្ដ្រ ក្រុមវេជ្ជសាស្ដ្រ និងបទពិសោធន៍ពីសំណាក់ប្រជាជន រដ្ឋាភិបាល ពិសេស កងទំព័រំដោះប្រជាជនចិន ចំពោះកងយោធពលខេមរភូមិន្ទ បានឡើយ។

សម្ដេច បានបញ្ជាក់ថា «សូមថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុមនុស្សជាតិ នៃការប្រយុទ្ធជំងឺកូវីដ-១៩ និងតែងតែគាំទ្រលើកកម្ពស់សមត្ថភាព បច្ចេកទេសលើគ្រប់វិស័យ ដល់កងយោធពលខេមរភូមិន្ទ រួមចំណែកក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក»៕

To Top