ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្ពុជា-បារាំង គប្បីជំរុញសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ ថែមទៀត លើគ្រប់វិស័យ

ភ្នំពេញ ៖ នៅចំពោះមុខឯករដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា កម្ពុជា-បារាំង គួរគប្បីជំរុញ កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត លើគ្រប់វិស័យដែលអាចធ្វើទៅបាន ។ នេះបើយោងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន។

ការលើកឡើងបែបនេះ ក្នុងឱកាសសម្ដេចតេជោអនុញ្ញាត ឲ្យលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯករដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ ខែវិច្ឆិកា។

ក្នុងជំនួបនេះ លោក ហ្សាក់ ប៉ឺឡេ បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ ការយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការសម្រេចបានភាគរយខ្ពស់ លើការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ។

បើតាមលោកទូតបារាំង ភាពជោគជ័យលើការចាក់ ស្រោចវ៉ាក់សាំងរបស់កម្ពុជា ក៏បានធ្វើឲ្យក្រុមហ៊ុន បារាំងប្រមាណ៤០០ក្រុមហ៊ុន ដែលកំពុងវិនិយោគ នៅកម្ពុជា ក៏មានសេចក្ដីរីករាយយ៉ាងខ្លាំងផងដែរ ។ ជោគជ័យនេះ បានធ្វើឲ្យមានសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែប្រសើរឡើងវិញ ។

ក្នុងជំនួបនេះ លោក ហ្សាក់ ប៉ឺឡេ បានជម្រាបសម្តេចតេជោ ដែរថា លោក ម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃស្អែកនេះ ។
ក្រៅពីនេះលោក ហ្សាក់ ប៉ឺឡេ ក៏បានថ្លែង កោតសរសើរ និងស្ញប់ ស្ញែងចំពោះការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ដែលជាប្រទេស ខ្ទេចខ្ទាំដោយភ្លើង សង្គ្រាមពីអតីតកាល។

ដោយឡែក សម្ដេចតេជោ យល់ស្របជាមួយលោក ហ្សាក់ ប៉ឺឡេ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងបារាំង ក៏ដូចជាការពង្រឹងកិច្ច សហប្រតិបត្តិការ ក្នុងក្របខណ្ឌអន្តរជាតិនានា។

សម្តេចតេជោ គូសបញ្ជាក់ថា «កម្ពុជានិងបារាំង គប្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ ដែលអាចធ្វើទៅបាន រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិផងដែរ»។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុបវិញ សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របនឹងលោកឯកអគ្គរដ្ឋទូត ពោលអាស៊ាន និងអឺរ៉ុប គប្បីណាសហការគ្នាជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ឲ្យបានប្រកបដោយបរិយាប័ន្ន និងដោយស្ថិរភាព៕

To Top