នយោបាយ

លោក សុខ ឥសាន-លោក សេង សារី ៖ ទំនាស់រវាងកឹម សុខា និងសម រង្ស៊ី មិនពាក់ព័ន្ធបក្សកាន់អំណាច (Video)

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច និងលោកបណ្ឌិតសេង សារី អ្នកវិភាគស្ថានការណ៍នយោបាយ បានលើកឡើងស្រដៀងគ្នាថា សម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខាដែលបានចាក់ស្រេះកន្លងមក ហើយលោកកឹម សុខាប្រកាសថាមិនជាប់ពាក់ព័ន្ធលោក សម រង្ស៊ីនោះ គឺជាទំនាស់រវាងលោកទាំង២ ដោយគ្មានជាប់ពាក់ព័ន្ធបក្សកាន់អំណានោះទេ ។

លោក សុខ ឥសាន បានលើកឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តាញតេឡេក្រាម ថា លោក សម រង្ស៊ីយកឈ្មោះលោក កឹម សុខាទៅប្រើដើម្បីផលប្រយោជន៍ខ្លួន ។ លោកថា ខ្លួនឯងបែកបាក់គ្នាមកបន្ទោសអ្នកដទៃ នេះសរបញ្ជាក់ថា លោក សម រង្ស៊ីគ្មានការទទួលខុសត្រូវ ។

លោក សុខ ឥសាន បានថ្លែងថា “ការប្រកាសមិនឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់(សម រង្ស៊ី) ឈប់យកឈ្មោះ និងរូបកឹម សុខា ទៅប្រើប្រាស់បោកបញ្ឆោតគេឯង គឺជារឿងទំនាស់រវាងកឹម សុខា និងទណ្ឌិត សម រង្ស៊ី មិនពាក់ព័ន្ធនឹងភាគីទី៣ណាមួយទេ” ។

លោកថា ការបែកបាក់ជាមួយលោក កឹម សុខា មានតាំងពីដើមទីមកម៉្លេះ តែលោក សម រង្ស៊ីទេ ជាអ្នក មិនទទួលស្គាល់ការពិតនិងដាក់កំហុសលើអ្នកដទៃ ។

លោក សេង សារី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៩ វិច្ឆិកាថា លោក សម រង្ស៊ី មិនត្រូវចោទបក្សកាន់អំណាចថានៅពីក្រោយលោក កឹម សុខានោះទេ ។ លោកបញ្ជាក់ទៀតថា “អ្វីដែលលោក សម រង្ស៊ីបង្ហាញក្នុងបណ្តាញសង្គមថា មានសម្តេចហ៊ុន សែន នៅពីខាងក្រោយរឿងហ្នឹង គឺគាត់ចង់បង្ហាញថា គាត់អត់ទាន់វង្វេងសត្រូវនយោបាយរបស់គាត់ទេ។ គាត់ប្រើលេសហ្នឹងដើម្បីបន្តព្រួញមួយបាញ់បានសត្វ២ ។ សារហ្នឹងគឺវាយប្រហារគូសត្រូវនយោបាយរបស់គាត់ផង និងបង្ហាញថា ការចាក់ចេញរបស់លោក កឹម សុខា គឺជាការធ្វើអត្តឃាដនយោបាយ”។

តាមការវិភាគរបស់លោកមើលឃើញថា លោក កឹម សុខា មានលទ្ធភាពច្រើនជាងលោក សម រង្ស៊ី ហើយនេះក៏ជាគោលបំណងរបស់បក្សកាន់អំណាចផងដែរ ។

កាលពីថ្ងៃ២៨ វិច្ឆិកា លោក កឹម សុខា ប្រកាសក្តែងៗក្នុងហ្វេសប៊ុកថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ីទៀតទេ ពោលមិនមែនជាមនុស្សតែមួយ ជាមួយលោកសម រង្ស៊ី ។ លោក កឹម សុខាក៏បានព្រមានទៅលោក សម រង្ស៊ី និងបក្ខពួកឲ្យឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយរបស់ខ្លួនដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។

ប៉ុន្តែលោក សម រង្ស៊ី បានតបទៅលោក កឹម សុខាវិញថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយរឿងនេះ ។ លោកថា “សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិគឺជាលទ្ធផល នៃការគំរាមកំហែង ពីសំណាក់សម្តេច ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់” ៕

To Top