នយោបាយ

Update ៖ សម្តេចតេជោ ប្រតិកម្មយ៉ាងខ្លាំង ចំពោះអនុរដ្ឋមន្រ្តី ការពារជាតិវៀតណាម វាយប្រហារកម្ពុជាថា នាំកូវីដ ទៅវៀតណាម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះឧត្តមសេនីយ៍វៀតណាមម្នាក់ ឈ្មោះ Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារវៀតណាម ដែលវាយប្រហារ មកលើកម្ពុជាថា កម្ពុជា ជាអ្នកនាំកូវីដ១៩ ទៅវៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ ។

បើតាមសម្តេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង សរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ គឺលោក Hoang Xuan Chien បាននិយាយថា កម្ពុជា ជាប្រទេសនាំជំងឺកូវីដ ទៅវៀតណាមនោះ បានកើតឡើង តាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត២ឆ្នាំហើយ ប៉ុន្តែកន្លងមកសម្តេចអត់និយាយទេ ប៉ុន្តែដោយសារពេលនេះ សម្តេចបានមកដល់ព្រំដែន ជាមួយវៀតណាមហើយ ទើបសម្តេចថ្លែងសារ ទៅកាន់ភាគីវៀតណាម ។

សម្តេចនាយករដ្ឋមន្រ្តីរំលឹកថា លោក Hoang Xuan Chien និយាយថា «បើយើងមិនធ្វើការប្រុងប្រយ័ត្ន ជំងឺឆ្លងពីកម្ពុជា ចូលទៅក្នុងវៀតណាម ដូចជំនន់ទឹកទន្លេមេង្គ ពិតជាគ្រោះថ្នាក់» ក្រោយការនិយាយបែបនេះហើយ សារព័ត៌មានវៀតណាម បានចេញផ្សាយជាហូរហែរ ។ សម្តេចបានលើកជាសំណួរថា តើពិត ឬមិនពិត? ដែលបុគ្គលនេះ ហ៊ាននិយាយអីចឹង? ។

ក្នុងគោលបំណងរបស់សម្តេចតេជោ ថ្លែងសារ ទៅថ្នាក់ដឹកនាំកំពូលវៀតណាមនេះ គឺចង់ឲ្យថ្នាក់ដឹកនាំវៀតណាម ឲ្យបុគ្គលឈ្មោះ Hoang Xuan Chien ចេញមុខសុំទោស ព្រោះកម្ពុជា មិនមែនជាប្រទេសនាំជំងឺកូវីដទេ ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចតេជោឲ្យដឹងទៀតថា ក្រោយកើតហេតុថ្មីៗភ្លាម សម្តេចស្នើទៅវៀតណាម ឲ្យដកតំណែងអនុរដ្ឋមន្រ្តីការបរទេស វៀតណាមនេះចេញ តែមិនត្រឹមតែមិនដកទេ ថែមទាំងឡើងតំណែងឲ្យទៀត ។ សម្ដេចតេជោ ហួសចិត្តថា «ខ្ញុំទាមទារឲ្យនាយករដ្ឋមន្ដ្រីដក (ដក Hoang Xuan Chien) បែរជាដកពីផ្កាយ២ ទៅផ្កាយ៣។ ហ៊ុន សែន ទទួលការឈឺចាប់ប្រមាថនេះ ដែលធ្វើឲ្យ ហ៊ុន សែន រើសបម្រាស់ ចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួន ជិត៨៩ភាគរយ។ ហើយលោកឯង ពិតប្រាកដទេថា ជំងឺឆ្លងពីកម្ពុជា ចូលទៅវៀតណាម ។ លោកឯងត្រូវយកពិនិត្យឡើងវិញ លោកឯង គួរសូមទោសប្រជាជនកម្ពុជា ឬអត់?»។

សម្តេចតេជោបានបង្ហាញថា សម្តេចមិនអាចទទួលយកបានទេ ចំពោះពាក្យសំដីប្រមាថ មើលងាយកម្ពុជា ពីសំណាក់យោធាវៀតណាមរូបនេះ ។ សម្ដេចថា ទោះបីកម្ពុជា ជាប្រទេសតូច និងក្រីក្រក៏ដោយ ប៉ុន្តែកម្ពុជា មិនឲ្យអ្នកណាប្រមាថ បានឡើយ ។

សម្ដេចតេជោ បានថ្លែងបន្តថា សម្ដេចមិនប្រឆាំងវៀតណាមទេ ក៏ប៉ុន្ដែប្រឆាំងចំពោះសម្ដីបុគ្គល Hoang Xuan Chien ដែលបានប្រមាថ ។

សម្ដេចតេជោបន្ដថា សម្ដេចមិនតិះតិន គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងមូលទេ។ ប៉ុន្ដែសម្ដេចសំដៅទៅលើ Hoang Xuan Chien តែម្ដង ដោយសម្ដេចលើកឡើងថា «ភាសានេះ លោកឯងពិនិត្យខ្លួនឯងទៅ តើវាហូរពីកម្ពុជាទៅវៀតណាម ដូចទឹកជំនន់ទន្លេមេង្គទេ?»។ ផ្ទុយទៅវិញ សម្ដេច មិនហ៊ាននិយាយថា «ហូរពីវៀតណាមមកកម្ពុជាទេ» ប៉ុន្ដែកម្ពុជាត្រូវប្រយ័ត្នប្រយែងបំផុត ចំពោះជំងឺកូវីដ ៕

To Top
×