ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ណែនាំទូតកម្ពុជា ឱ្យប្រុងប្រយ័ត្នចំពោះ ការធ្វើនយោបាយការទូត ខណៈពិភពលោក កំពុងប្រែប្រួល យ៉ាងស្មុគស្មាញ

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានណែនាំដល់មន្រ្តីការទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៣រូប ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើនយោបាយការទូត ខណៈបច្ចុប្បន្នសភាពការណ៍ពិភពលោក កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ។

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មី ប្រចំាប្រទេសនានា ចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹងចេញដំណើរទៅបំពេញភារកិច្ច នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្តេច សាយ ឈុំ បានផ្ដាំផ្ញើថា ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសសាមី ឱ្យបានរឹងមាំ និងខ្លាំងក្លា ដើម្បីជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

សម្ដេច បន្ដថា ត្រូវក្តាប់ជាប់គ្រប់សភាពការណ៍ របស់ប្រទេសជាតិ ក៏ដូជា សភាពការណ៍អន្តរជាតិ ដែលមានការពាក់ព័ន្ធ នឹងប្រទេសជាតិ សំដៅ និងបង្កលក្ខណងាយស្រួល សម្រាប់ការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេស ដែលឯកអគ្គរាជទូត កំពុងធ្វើ។

សម្តេច ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា «បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះ សូមឯកឧត្តម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើនយោបាយការទូត ជាមួយនឹងបណ្តាប្រទេសទាំងអស់ ទាំងក្របខណ្ឌទ្វេភាគី ទាំងពហុភាគី ព្រមទាំងជាមួយស្ថាប័ន អន្តរជាតិនានាផងដែរ ហើយត្រូវគិតគូរពិចារណាឱ្យបានម៉ត់ចត់ ជាពិសេសមុនធ្វើអ្វីមួយ ត្រូវមានការរាយការណ៍ សុំយោបល់ណែនាំពី ក្រសួងអាណាព្យាបាល ឬពីរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់»។

នាឱកាសនោះ តាំងនាម ឯកអគ្គរាជទូតទាំង ៣រូប លោក ទុយ រី បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំ របស់ សម្តេច ប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយនូវ កិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការជាមួយ នឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញជំនួយ នៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរឱ្យមកកម្ពុជាកាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

សូមបញ្ជាក់ថា សមាសភាពឯកអគ្គរាជទូតថ្មីទាំង ៣រូប រួមមាន ៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំជប៉ុន, លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំអាមេរិក និងម៉ិកស៊ីកូ, លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំហ្វីលីពីន ៕

To Top