ព័ត៌មានជាតិ

ដំណឹងល្អ! កូរ៉េ សម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នាព្រឹកថ្ងៃទី៣ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិញលោកឯកអគ្គរដ្ឋទូត បានលើកឡើងពីសំណើរបស់ខ្ញុំ និងការសម្រេចចិត្តរបស់កូរ៉េ ដែលនឹងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅទីក្រុងភ្នំពេញតែម្ដង អរគុណណាស់ និងសូមអបអរសាទរ ដែលយើងនឹងទទួលបានស្ពាននេះ» ។

សម្តេចតេជោបន្ថែមថា តាមរយៈ ការទទួលបានស្ពាននេះ នឹងធ្វើការតភ្ជាប់រវាងទីក្រុងភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ កាន់តែខិតជិតគ្នា ហើយតំបន់អរិយក្សត្រ នឹងក្លាយជាទីក្រុងរណបផងដែរ នាពេលខាងមុខ ។

សម្ដេចតេជោ សង្ឃឹមថា កូរ៉េ នឹងបន្តជួយដល់កម្ពុជា ហើយអ្វីដែលជាក្ដីសង្ឃឹមកម្ពុជានោះ គឺនឹងមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គ ពីភ្នំពេញទៅកាន់ស្វាយជ្រុំ ដែលអាចចាត់ទុកថា ជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េថែមទៀត ហើយក៏សង្ឃឹមថាពលករកម្ពុជា ដែលទៅធ្វើការនៅកូរ៉េ នឹងបន្តកើនឡើង ជាមួយនឹងទំហំពាណិជ្ជកម្ម កាន់តែមានការរីកចម្រើន ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨នេះដែរ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជាលោក ផាក ហ៊ឹងឃ្យុង បានលើកឡើងថា ក្នុងពិធីបើកការដ្ឋានជួសជុល កែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានស្នើដោយបើកចំហ នៃសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រ បន្ទាប់មក ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាព ក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការ សម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ប្រជាជនកូរ៉េជាច្រើនមាន ក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។

លោកទូតថ្លែងថា «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែក ជួយសម្រួលចរាចរណ៍ នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែង ទាក់ទាញទេសចរណ៍ ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពាន ខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់ រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់ រួចរាល់ជាក់ជាពុំខាន»។

លោកបន្ថែមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកូរ៉េ និងប្រជាជនកម្ពុជាផងដែរ ៕

To Top