ព័ត៌មានជាតិ

ទុក្ខស្រីប្តីព្រាត់! ធ្វើឱ្យសម្ដេចតេជោនិងភរិយា ស្រក់ទឹកភ្នែករាប់លានដំណក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទុក្ខស្រីប្តីព្រាត់ ធ្វើឱ្យសម្ដេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ នាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ សម្ដេច (៥ មករា ១៩៧៦ – ៥ មករា ២០២២)។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំ និងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ»។

សម្ដេចតេជោ បន្ដថា ជីវិត ប្តី ប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេដែលហៅថា សេចក្តីសុខ។ សម្ដេច បានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅ សម្ដេច ថា ពូអស់រយៈពេល២ខែ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ សម្ដេច និងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «ទុក្ខស្រីប្តីព្រាត់ បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ (ពេលនោះខ្ញុំមានអាយុ២៤ឆ្នាំឯភរិយាខ្ញុំអាយុ២២ឆ្នាំ)រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់»។

សម្ដេចតេជោ បន្ថែមទៀតថា សៀវភៅគូព្រេងមិនព្រាត់ដែល សម្ដេច សរសេរ
រៀបរាប់ពីជិវិតប្តីប្រពន្ធរបស់ សម្ដេច ត្រូវបាន បោះពុម្ភជាភាសាខ្មែរ អង់គ្លេស និងចិន។ សម្ដេច ថា ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទ ពេញបូណ៌មី ក៍ចាប់ផ្តើមថតហើយដែរ ដែលអាចប្រើរយៈពេល១៤ខែ ទើបអាចបញ្ចប់បានព្រោះជារឿងភាគដែលវែង៕

To Top