ព័ត៌មានជាតិ

ស្អែកនេះ! សម្ដេចតេជោ នឹងអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ​ភាគ​ខាងជើង

ភ្នំពេញ៖ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្ដបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ស្អែកនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដបាត់ដំបង បានឱ្យដឹងថា មានការបិទចរាចរណ៍បណ្ដោះអាសន្ន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយមានពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) ដែលមានប្រវែង ៨៤,៧៤គីឡូម៉ែត្រ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងប្រព្រឹត្ដឡើងនៅ ឃុំជ្រៃ ស្រុកថ្មគោល ខេត្ដបាត់ដំបង។

ប្រភពដដែលបញ្ជាក់ថា ការបិទចរាចរណ៍ជាបណ្ដោះអាសន្ននេះគឺដើម្បីសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ នឹងបិទចរាចរណ៍ជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវវាងក្រុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល រហូតដល់ចំណុចប្រសព្វជាមួយផ្លូវស្របអាងម៉ាឈិត ឆ្ពោះទៅកាន់អាងកំពីងពួយចាប់ពីម៉ោង ៤:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់។ 

គូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្ដើមសាងសង់ចេញពីព្រែកក្ដាម រហូតដល់ក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ គ្រោងចំណាយថវិការប្រមាណ ៥០០លានដុល្លា ៕

To Top