ព័ត៌មានជាតិ

ក្រសួងកសិកម្ម ព្រមានចាត់វិធានការ ផ្លូវច្បាប់ចំពោះជនណា បង្កឱ្យភ្លើងឆេះព្រៃ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីណែនាំពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ បើសិនជាជនដែលបានប្រព្រឹត្ដ ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ឬ៣ឆ្នាំ ទៅ៥ឆ្នាំ។

សេចក្ដីណែនាំរបស់ក្រសួងបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមផ្លាស់ប្ដូរពីរដូវវស្សា ចូលដល់រដូវលំហើយ បន្តចូលរដូវប្រាំងដែលធាតុអាកាសមានសភាពក្ដៅហែង ស្ងួតខ្លាំងជាកក្តាងាយបង្កឱ្យភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យភ្លើងឆេះព្រៃ ប្រការដែលគួឱ្យព្រួយបារម្ភបំផុតនោះគឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសកម្មភាពរបស់មនុស្សផ្ទាល់។ កក្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់ នារដូវប្រាំងតាមរយៈសកម្មភាពមានជាអាទិ៏ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពានិចរ ការតាំងទីលំនៅដ្ឋានថ្មី ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហេសរបស់មនុស្ស។ល ។

ក្រសួងកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដ៏ធ្ងន់ធ្ងរដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងរាលដាលរហូតដល់ឆេះស្រូវ និងភូមិកររបស់ប្រជាពលរដ្ឋ ហើយបានបង្កវានាសកម្ម និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិ និងបរិស្ថាន។

ដោយសង្កេតឃើញថាបញ្ហាប្រឈមទាំងនេះក្រសួង សូមធ្វើការណែនាំដល់អង្គភាពជំនាញ មន្ទីរ តាមបណ្ដារាជធានី ខេត្ដ រដ្ឋបាលថ្នាក់ក្រោមជាតិរួមទាំងសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្មផងដែរថា អនុលោមតាមច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃចូលរួមថែរក្សាជម្រកមច្ឆាជាតិ ការពារបង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹកតាមមូលដ្ឋានរៀងៗខ្លួន៕

To Top