នយោបាយ

ប្រមុខការទូតឥណ្ឌា ប្រាប់កម្ពុជាថា កំពុងតាមដានស្ថានការណ៍ នៅមីយ៉ាន់ម៉ា យ៉ាងយកចិត្តទុកដាក់

ភ្នំពេញ៖ នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយលោក ប្រាក់ សុខុន ប្រមុខការទូតឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌា កំពុងតាមដានស្ថានការណ៍ នៅទីនោះយ៉ាងយកចិត្តទុកដាក់ ។

ការថ្លែងរបស់ប្រមុខការទូតឥណ្ឌាបែបនេះ ធ្វើឡើងស្របពេលដែល ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន បានផ្ដួចផ្ដើម ឱ្យមានការកែលម្អស្ថានការណ៍ នៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះធ្លាក់ ចូលវិបត្តិនយោបាយធ្ងន់ធ្ងរ ចាប់តាំងពីមានការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុង សានសូជី កាលពី ដើមខែកុម្ភៈ ឆ្នាំ២០២១។

នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ខ្ញុំ និង ឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទនៅរសៀលនេះ លើបញ្ហាធំៗមួយចំនួនដែលជាផលប្រយោជន៍រួម»។

លោក ប្រាក់ សុខុន បន្ថែមថា «កម្ពុជាកោតសរសើរ ចំពោះការរួមចំណែក យ៉ាងសកម្មរបស់ឥណ្ឌា ដល់តំបន់មេគង្គ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ឥណ្ឌានឹងយកឈ្នះលើការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។
លោកបន្ថែមបញ្ជាក់ថា «ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌាកំពុងតាមដានស្ថានការណ៍ នៅទីនោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ ដល់តួនាទីដ៏សំខាន់របស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ»។

ឆ្លៀតឱកាសនេះ លោកប្រាក់ សុខុន ដើម្បីជម្រាបជូនលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា អំពីលទ្ធផលវិជ្ជមាន ក្រោយពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។

លោក ប្រាក់ សុខុ បន្ថែមថា កម្ពុជា និងឥណ្ឌា ទន្ទឹងរង់ចាំខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ!​៕

To Top