នយោបាយ

អគ្គនាយក សហព័ន្ធសន្តិភាពសកល ចាត់ទុកដំណើរទៅមីយ៉ាន់ម៉ា របស់សម្តេចតេជោ ជាទស្សនកិច្ចសន្តិភាព

ភ្នំពេញ ៖ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាព សកល (UPF) បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទៅមីយ៉ាន់ម៉ា ជាទស្សនកិច្ចសន្តិភាព ។

ការចាត់ទុកនេះ ដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃ៧ មករា បានសម្រេចប្រកាសពន្យារពេល បទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធជនជាតិ ដើមភាគតិច បន្ថែមទៀតដល់ចុងឆ្នាំ២០២២ ។ ការប្រកាសពន្យារពេលនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក មីន អោងឡាំង មេដឹកនាំយោធា មីយ៉ាន់ម៉ា។

ក្នុងជំនួបពិភាក្សា ជាមួយសម្ដេចតេជោ តាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត យុន យ៉ុងហូ បានវាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះសម្ដេចតេជោ ដែលបានកាន់ជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ស្វាគមន៍ និងអបអរសាទរ ចំពោះទស្សនកិច្ចការងារ របស់សម្តេចទៅកាន់មីយ៉ាន់ម៉ា ។

លោកចាត់ទុកថា “ជាទស្សនកិច្ច សន្តិភាព ហើយសូមស្វាគមន៍ និងអបអរសាទ នៃសមិទ្ធផលជោគជ័យពាក់ព័ន្ធទៅនឹងការជម្រុញ បទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ នៅមីយ៉ាន់ម៉ា ការគាំទ្រប្រេសិត ពិសេសប្រធានអាស៊ាន ដើម្បីមានលទ្ធភាព ក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំនួយមនុស្សធម៌ ដែលការងារនេះ អាចចាត់ទុកថា ជាផ្លែផ្កានៃដំណើរអញ្ជើញរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា” ។

ជាមួយគ្នានេះ លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានគាំទ្រសម្ដេចតេជោ ដែលមានទស្សនៈនូវសន្តិភាព។

ក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានរាយការណ៍ប្រាប់សម្តេចតេជោ ពីការត្រៀមរៀបចំកិច្ចប្រជុំពិភពលោក នៅខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសារសម្ដេច ជាសហប្រធានគណៈកម្មការរៀបចំ នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។

លោកបណ្ឌិត ក៏បានអញ្ជើញសម្ដេចតេជោ ចូលរួមកម្មវិធីនេះផ្ទាល់នៅថ្ងៃ១២-១៣ កុម្ភៈ ហើយសម្ដេច ក៏បានឯកភាពទទួល នៃការអញ្ជើញនេះរួចហើយដែរ ។

ក្រៅពីនេះ លោកបណ្ឌិតក៏បានស្នើសុំសម្ដេចតេជោ ពីគំនិតផ្តួចផ្តើម រៀបចំសួនមេគង្គសន្តិភាពឲ្យមាននៅកម្ពុជា ជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ ក្នុងការជំរុញឲ្យតំបន់មេគង្គមានសន្តិភាព ៕

To Top