ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹងស្រី្តជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងការជួញ ដូរគ្រឿងញៀន៣កញ្ចប់ធំ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ស្រី្តជាប់ចោទ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនចំនួន ៣ កញ្ចប់ធំ ប្រព្រឹត្ត នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០២០។

លោក យន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ មាន ឈ្មោះ ភី ខឿន ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីខែ ធ្នូ ឆ្នាំ ២០២០ កាត់ទោស ដាក់គុកកំណត់ ៧ ឆ្នាំ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ឈ្មោះ ភី ខឿន ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច មុខស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ផ្ទាំងពាណិជ្ជកម្ម

សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន៣កញ្ចប់ធំ, ថ្នាំគ្រាប់ ប្រភេទ WY ចំនួន ៣០គ្រាប់ និងទូរសព្ទ័ដៃ ចំនួន ១គ្រឿង។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២៕

ដោយ រស្មី អាកាស

To Top
×