ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ផ្តល់អនុសាសន៍មួយចំនួន ដល់កម្លាំងនគរបាល បន្តអនុវត្តដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កាន់តែល្អថែមទៀត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់គោលការណ៍មួយចំនួន ឲ្យកម្លាំងនគរបាលបន្តអនុវត្តដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកាន់តែល្អសើរថែមទៀត បើទោះបីជា ខេត្តកំពង់ចាម បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព នៅទូទាំង ប្រទេស ចំនួន ៥ឆ្នាំជាប់គ្នាក៏ដោយ ។

លោក អភិបាលខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ក្នុងវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ សិក្ខាកាមសរុបចំនួន ១១៧នាក់ ។

លោក អភិបាលខេត្ត បានថ្លែងបន្តថា ទន្ទឺមនឹងលទ្ធផលជោគជ័យដែលថ្នាក់ដឹកនាំ មន្ត្រីនគរបាលយើងបានអនុវត្តប្រកបដោយជោគជ័យ និងស្មារតីទទួល ខុសត្រូវ ស្វាម៉ីភ័ក្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមឆ្លៀតយកឱកាសនេះ ផ្តល់ជាអនុសាសន៍បន្ថែមជូដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលទាំងអស់ ដូចខាងក្រោម៖

• ត្រូវបង្កើនការអភិវឌ្ឈចំណេះដឹង តាមរយៈបន្តការបើកវគ្គបំប៉ន ដល់កងកម្លាំងនគរបាល តាមការបើកវគ្គខ្លី ដូចជាបានធ្វើក្នុងពិធីនាថ្ងៃនេះស្រាប់បន្ថែមទៀត
• បន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
• បន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់កុំអោយមានបទល្មើសតាមផ្លូវទឹក
• ទប់ស្កាត់អំពើជួញដូរមនុស្ស ពេស្យាចារការរំលោភបំពានលើកុមារគ្រប់រូបភាព ពិសេសអំពើរំលោភ
• ទប់ស្កាត់អំពើលួចឆក់គ្រប់ប្រភេទ
• ទប់ស្កាត់អោយបានកុំអោយមានប៉ុស្ដិ៍អនាធិបតេយ្យ
• កម្លាំងនគរបាលអគ្គិភ័យ ត្រូវមានបម្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងត្រៀមលក្ខណសម្បត្តិទុកជាមុនដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា ក្នុងពេលមានគ្រោះអគ្គិភ័យកើតឡើង ពិសេសពេលនេះ ដែលស្ថិតនៅក្នុងរដូវប្រាំង ពិសេសត្រូវក្ដាប់ពីប្រភពទឹក ដើម្បីងាយស្រួលពេលប្រតិបត្តិការជួយប្រជាពលរដ្ឋ
• កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបន្តចូលរួមជាមួយមន្ទីរសុខាភិបាល ផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំ/សង្កាត់ ពីវិធានសុខាភិបាល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ពិសេសប្រភេទដែលតា និងអូមីក្រុង
• ទប់ស្កាត់ការបង្គអុកឡុក និងបំពុលសង្គម ពីសំណាក់ពួកឧទ្ទាមក្រៅច្បាប់
• ជាពិសេស ជាកងកម្លាំងត្រូវប្ដេជ្ញាចិត្ត ដោយមោះមុតក្នុងការការពារ និងថែរក្សារាជរដ្ឋាភិបាលស្របច្បាប់របស់យើង ។

To Top