ព័ត៌មានជាតិ

ឆ្នាំ២០២១! តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចបានទំហំនាំចេញនាំចូល ជាង២ពាន់លានដុល្លារ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថាក្នុងឆ្នាំ២០២១ គ្រប់សហគ្រាស ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចបានទំហំនាំចេញនាំចូលសរុបចំនួន២២៣៤ លានដុល្លារអាមេរិក កើនឡើង៤២.៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១២​ ខែមករា ឆ្នាំ២០២២នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២១ ប្រឈមមុខនឹងបញ្ហាដែលកើតមានឡើងក្នុងបរិបទជំងឺវីរុសកូវីដ១៩ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទន្ទឹមនឹងទប់ស្កាត់ ជំងឺវីរុសកូវីដយ៉ាងមុតមាំក៏បានខិតខំបង្កើនការផលិត បានជំរុញការកសាង កែលម្អកម្រិត២.០ ខិតខំបោះសំទុះក្នុងគ្រាដ៏លំបាកនេះ។ ក្នុងឆ្នាំ២០២១ គ្រប់សហគ្រាសក្នុងតំបន់ខាងលើសម្រេចបានទំហំនាំចេញនាំចូលសរុបចំនួន ២២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ប្រភពដដែលបន្តថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ក្នុងតំបន់ខាងលើត្រូវបានកែលម្អ ថែមមួយកម្រិតទៀត​ រចនាសម្ព័ន្ធនៃការផលិត ទទួលបានការកែលម្អជាបន្តបន្ទាប់ និងត្រូវបានបញ្ចូល ក្នុងគម្រោងផលិតសំបកកង់កៅស៊ូ “ប្រភេទSemi-steel radial ចំនួន៥លានសំបក និងប្រភេទAll-steel radialចំនួន៩០ម៉ឺនសំបក”ប្រចាំឆ្នាំនៃខេត្តJiang Suប្រទេសចិន។

ស្ថានទូតបន្ថែមថា «គម្រោងខាងលើនេះ មានទុនវិនិយោគសរុបប្រហែល៣០០លានដុល្លារអាមេរិក រំពឹងថានឹងអាចផ្តល់ ការងារក្នុងស្រុកប្រហែល ជាង១៦០០កន្លែង»៕

To Top