ព័ត៌មានជាតិ

ដំណឹងល្អ! ជប៉ុន កំពុងពិចារណា ផ្តល់ជំនួយបន្ថែមដល់កម្ពុជា សម្រាប់ដោះមីន ផ្គត់ផ្គង់ទឹកស្អាត និងវិស័យផ្សេងៗទៀត

ភ្នំពេញ៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ី ម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានបញ្ជាក់ថា ប្រទេសជប៉ុនកំពុងពិចារណា ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ក្នុងចំណោម វិស័យផ្សេងទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ មករានេះបានឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយជាបន្តបន្ទាប់ ដើម្បី គាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងជំនួយដ៏ថ្លៃថ្លាក្នុងការគាំទ្រដល់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ កម្ពុជា និងការកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមានដែលបណ្តាល មកពីជំងឺរាតត្បាតសកលនេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយលើទំនាក់ទំនងទ្វេភាគី និងបានកត់សម្គាល់ដោយការពេញចិត្តបំផុតចំពោះវឌ្ឍនភាព នៃទំនាក់ទំនងមិត្តភាពយូរអង្វែង   និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងជប៉ុន។ រដ្ឋមន្ត្រីទាំងពីរ បានឯកភាព ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ខណៈដែលឆ្នាំនេះជាខួបលើកទី៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូង របស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការ សហប្រជាជាតិ។

ក្នុងប្រកាសគូសបញ្ជាក់ថា “បន្ថែមលើជំនួយកន្លងមករបស់ជប៉ុនចំពោះកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ការអភិវឌ្ឍ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ ស្នូលនៃប្រទេសកម្ពុជា និងលើវិស័យផ្សេងៗទៀត រដ្ឋមន្រ្តី ហាយ៉ាហ្ស៊ី បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថា ប្រទេសជប៉ុនកំពុងពិចារណា ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ក្នុងចំណោម វិស័យផ្សេងទៀត” ។

ចុងបញ្ចប់នៃកិច្ចសន្ទនានេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការរង់ចាំ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេស ហាយ៉ាហ្ស៊ី មកកម្ពុជា នៅពេលដែលពេលវេលាអំណោយផល។ លោករដ្ឋមន្រ្តី ហាយ៉ាហ្ស៊ី ទន្ទឹងរង់ចាំមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំ អាស៊ាន ពាក់ព័ន្ធ ក្នុងឆ្នាំនេះ៕

To Top