ព័ត៌មានជាតិ

សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ចំនួន ១០ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់កុមារកម្ពុជា ដោយឥតគិតថ្លៃស្របតាម ព្រះរាជតម្រិៈនៃអង្គសម្តេចឪ ។

យោងតាមហ្វេសប៊ុក Royal Du Cambodge បានឲ្យដឹងថា ការប្រោសព្រះ រាជទានព្រះរាជទ្រព្យនេះ គឺស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាម ព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង នៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតា សុខាភិបាលជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍន៍ជាតិខ្មែរ រីកចម្រើនជឿនលឿន លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលជាតិ ដែលបានបម្រើឲ្យការរស់នៅ របស់ប្រជានុរាស្រ្ត មានភាពល្អប្រសើរ ៕

To Top