ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ សម រង្ស៊ីថា មានការបែកធ្លាយការពិភាក្សារវាងសម្តេចតេជោ ជាមួយធីសុវណ្ណថា ជារឿងប្រឌិតបង្កើតរឿងថ្មី

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី លើកឡើងក្នុងហ្វេសប៊ុកនិយាយពីសារឆ្លើយឆ្លងគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយអ្នកនាង ធី សុវណ្ណថានោះ ជារឿងប្រឌិតបង្កើតជារឿងថ្មីរបស់បុគ្គលសម រង្ស៊ីតែប៉ុណ្ណោះ។

លោក សុខ ឥសាន បាននិយាយក្នុងបណ្តាញគ្រុបតេឡេក្រាមនាថ្ងៃ១៤ មករា ថា “រឿងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ (សម រង្ស៊ី)ថា មានការបែកធ្លាយការពិភាក្សាជាមួយកញ្ញា ធី សុវណ្ណថា កាលពី៨ឆ្នាំមុន គឺជារឿងប្រឌិតថ្មីបង្កើតរឿង”។

លោកបន្តថា ដោយសារធ្វើនយោបាយទុច្ចរិតប្រឌិតរឿងបង្ខូចកេរ្តិ៍គេហ្នឹងហើយ ទើប៣០ឆ្នាំហើយ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ត្រូវបរាជ័យងើបមុខមិនរួច។

ផ្ទាំងពាណិជ្ជកម្ម

លោកថា នយោបាយបង្កាច់បង្ខូចកេរ្តិ៍គេ ជានយោបាយចំណេះជិះកឯង របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់។

លោក សម រង្ស៊ី នៅថ្ងៃ១៣ មករា បានលើកឡើងជាថ្មីម្តងទៀតពីសារឆ្លើយឆ្លងគ្នារវាងសម្តេចតេជោ និងអ្នក នាង ធី សុវណ្ណថា ក្នុងឆ្នាំ២០១៦-២០១៧ អំពីការផ្តល់លុយ១លានដុល្លារទៅធី សុវណ្ណថា ។ ដោយលោក បញ្ជាក់ថា គឺជាការឆ្លើយឆ្លងគ្នាពិតប្រាកដ តាមរយៈបណ្តាញ LINE ហើយលោកក៏បានស្នើឲ្យក្រុមហ៊ុនជប៉ុនដែលគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម ឈ្មោះ LINE បញ្ជាក់ពីការពិតផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការបរិហារកេរ្តិ៍សម្តេចតេជោ រួចហើយ តាមរយៈមេធាវីសម្តេចបានប្តឹងទៅតុលាការ ហើយតុលាការបានសម្រេចឲ្យលោក សម រង្ស៊ីផ្តល់សំណងជំងឺចិត្តចំនួន១លានដុល្លារ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២១ តុលាការបានសម្រេចឲ្យលក់ឡៃឡុង ផ្ទះលោក សម រង្ស៊ី នៅទីក្រុងភ្នំពេញដែលជាស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីយកលុយទៅបង់តាមបណ្តឹងសម្តេច៕

To Top
×