ព័ត៌មានជាតិ

សត្វកម្រជាច្រើនប្រភេទ ត្រូវបានថតដោយម៉ាស៊ីន ថតស្វ័យប្រវត្តិ នៅតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបង្ហាញពីទិន្នន័យ នៃវត្តមានសត្វព្រៃ ជាច្រើនប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួល គំរាមកំហែង ចំនួន១០ប្រភេទ ត្រូវបានកត់សម្គាល់ តាមរយៈទិន្នន័យប្រមូលបានពីរូបថត ម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញ នៃ ក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រ ពីគម្រោងនិរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន»។

លោករដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឲ្យបានគង់ វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

យោងតាមលទ្ធផល នៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល ចុងខែតុលា ឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែង ចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕

To Top