ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស.៖ យើងទាំងអស់គ្នា ពិតជាមានសំណាង មានមគ្គុទ្ទេសក៍ ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងកំពុងធ្វើឲ្យប្រជាជន តាមបណ្តាប្រទេសមួយចំនួន លើសកលលោក នូវតែមានការភ័យខ្លាច ពីការឈឺស្លាប់ដោយសារការឆ្លងរីករាលដាល នូវជំងឺដ៏កំណាចមួយនេះ  មិនថាប្រទេសនោះធំ តូច មានក្រនោះឡើយ។

នេះបើតាមអនុសាសន៍លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម បានថ្លែងឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងដាក់ចេញនូវផែនការ អនុវត្តការងារបន្តជាមួយថ្នាក់ដឹកនាំនាយកដ្ឋាននិងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់នៃ ប.ស.ស. នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមបានថ្លែងបញ្ជាក់ថា៖ យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ មានមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ចាក់ស្រោចវ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេស ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ រហូតកម្ពុជាទទួលបានជោគជ័យ  និងបានកំពុងដាក់ឲ្យបើកដំណើរការឡើងវិញ លើគ្រប់វិស័យផងដែរ។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ដូច្នេះក្នុងនាមយើងជាអ្នកបម្រើសេវា ជូនប្រជាជនពិសេស សមាជិករបស់ខ្លួន ទាំងថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកទាំងអស់ ពិតជាមានកិត្តិយសនិងមិនអាចភ្លេចពីការដឹងគុណបំផុត ចំពោះមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតនៃយើងបានឡើយ ។

ឆ្លើយតបទៅនិងគុណូបការគុណដ៏ថ្លៃថ្លានេះ យើងទាំងអស់គ្នាគប្បី ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្រមសីលធម៌ល្អ ក្នុងការដឹកនាំអនុវត្តការងារ ប្រកបដោយភាពទន់ភ្លន់ ម៉ឺងមាត់ ក្នុងការបំពេញកិច្ចការ  ដោយធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ និងបានអំពាវនាវឲ្យមន្ត្រី និងបុគ្គលិក បន្តរស់នៅតាមគន្លងប្រក្រតីថ្មី ដោយត្រូវគោរពអនុវត្ត នូវវិធានសុខាភិបាល ក្រោមការដាក់ចេញ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវអនុវត្តនូវវិធាន៣ការពារ និង ៣កុំ ឲ្យបានជាប់ជានិច្ច ក្នុងន័យរួមចំណែកទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តីបុគ្គលិក ប.ស.ស. គ្រប់នាយកដ្ឋាន និងគ្រប់សាខាទាំងអស់ត្រូវបន្តពន្លឿនការដោះស្រាយបញ្ហាផ្សេងៗដែលនៅសេសសល់ក្នុងឆ្នាំចាស់ឲ្យអស់។ ក្នុងនោះការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសការផ្តល់ការសម្របសម្រួលឲ្យទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិក ប.ស.ស. ពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខាប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង១០០នាក់ ទាំងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) និងដោយផ្ទាល់៕

To Top