ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូណេស៊ីចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ពិសេស និងជំរុញតភ្ជាប់ជើង ហោះហើរត្រង់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងលោក សេនឌីយ៉ាហ្កា សាលាហ៊ូឌីន អ៊ូណូ (Sandiaga Salahudin Uno) រដ្ឋមន្រ្តីទេសចរណ៍ និងសេដ្ឋកិច្ច ច្នៃប្រឌិតឥណ្ឌូណេស៊ី បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ពិសេស គឺដើម្បីជំរុញការតភ្ជាប់ ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា កិច្ចចុះអនុស្សរណៈនេះ ក៏មានប្រធានប្រតិភូឥណ្ឌូណេស៊ី ចូលរួមជាសក្ខីភាពតាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ដោយមានលោកស្រី វែរណា អេមែរ៉ាល់ដា ស៉ី. ប៊ូអេនស៊ូសេសូ (Verna Emeralda C. Buensuceso) ផងដែរ។

អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ កម្ពុជា-ឥណ្ឌូណេស៊ីនេះ មានគោលបំណង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងរួមគ្នាស្តារវិស័យ ទេសចរណ៍ រវាងប្រទេសទាំងពីរ ឲ្យបានឆាប់រហ័ស។

ផ្ទាំងពាណិជ្ជកម្ម

អនុស្សារណៈយោគយល់គ្នានេះដែរ គឺដោយផ្តោតលើ៖
១៖ រួមគ្នាផ្សព្វផ្សាយ និងទីផ្សារនៅពិព័រណ៌ទេសចរណ៍ថ្នាក់តំបន់ និងអន្តរជាតិ។
២៖ ផ្លាស់ប្តូរបទពិសោធន៍លើការរៀបចំផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍។
៣៖ ជំរុញ និងលើកទឹកចិត្តផ្នែកឯកជន ដើម្បីវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍។
៤៖ ជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍធនធានមនុស្ស និងកសាងសមត្ថភាពដល់អ្នកជំនាញ។
៥៖ ជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ សន្និសីទ ពិព័រណ៍ទេសចរណ៍ និងកិច្ចប្រជុំផ្សេងៗ។
៦៖ ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

លោក សេនឌីយ៉ាហ្កា សាលាហ៊ូឌីន អ៊ូណូ ក៏បានកោតសរសើរកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តនីតិវិធីស្តង់ដា (SOP) និងវិធានសុវត្ថិភាពរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព និងឈានមុខគេ ក្នុងចំណោមប្រទេស សមាជិកអាស៊ានទាំងអស់៕

To Top
×