ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ ជាង២០០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញ តាមច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង

ភ្នំពេញ ៖ ក្រុមអាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន២៣៩នាក់ត្រឡប់មកវិញ តាមច្រកតំបន់អូរអន្លក់ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

មូលហេតុនៃការបញ្ជូនមកវិញនេះ មិនទាន់ដឹងថា មកពីកត្តាអ្វីច្បាស់លាស់នោះទេ។

បើតាមការផ្សព្វផ្សាយពីផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិ គឺក្រុមមន្រ្តីជាន់ខ្ពស់របស់ខេត្តបាត់ដំបង និងមន្រ្តីព្រំដែនបានទៅទទួលពលរដ្ឋខ្មែរទាំងនោះ នៅចំណុចច្រកតំបន់អូរអន្លក់។

បន្ទាប់ពីសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចមក ពលរដ្ឋខ្មែរទាំង២៣៩នាក់ ក្នុងនោះមានក្មេង៣៧នាក់ ត្រូវកងកម្លាំង រួមទាំងក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ដោយលទ្ធផលបង្ហាញថា មានកូវីដ១៩ម្នាក់ ហើយបញ្ជូនទៅព្យាបាលនៅមណ្ឌុលត្រាវជូ ស្រុកសំពៅលូន។

ចំណែក ពលករចំនួន៤៣នាក់ទៀត បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌុលគីឡូ៩ ស្រុកសំពៅលូន។

ដោយឡែក ពលករមានកាតចាក់វ៉ាក់សាំងចំនួន១៩៥នាក់ ព្រមទាំងបានចាក់វ៉ាក់សាំងក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៥នាក់ ក្រុមគ្រូពេទ្យក៏អនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

To Top