ព័ត៌មានជាតិ

ក្រុមប្រឹក្សាធុរកិច្ច​ អាស៊ាន-អឺរ៉ុប ជ្រោមជ្រែង ការធ្វើជាប្រធាន អាស៊ាន របស់កម្ពុជា តាមរយៈកិច្ចប្រជុំ រដ្ឋមន្ដ្រីហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោក Chris Humphrey នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានគាំទ្រ និងជ្រោមជ្រែង ដល់ការ ធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សា ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន ក្រោមការរៀបចំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែមីនា ឆ្នាំ២០២២។ នេះយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក Chris Humphrey បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេច បាននូវលទ្ធផល ល្អប្រសើរ ក្នុងការអនុវត្តវិធានការ អន្តរាគមន៍ ដើម្បីប្រយុទ្ធប្រឆាំង នឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស គឺការទប់ស្កាត់ផល-ប៉ះពាល់អវិជ្ជមាន មកលើសកម្មភាព សេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក។

លោកគូសបញ្ជាក់ថា «គាំទ្រ និងជ្រោមជ្រែង ដល់ការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សា ក្នុងអំឡុងពេល កិច្ចប្រជុំរដ្ឋមន្រ្តី ហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន ក្រោមការរៀបចំ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែមីនា ឆ្នាំ២០២២ ព្រមទាំងការគាំទ្រ សម្រាប់ការរៀបចំវេទិកា គោលនយោបាយ លើប្រធានបទពាក់ព័ន្ធ នឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុងអំឡុងពេលកម្ពុជា ជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាននេះផងដែរ ។

ពាក់ព័ន្ធនឹងការត្រៀមរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី បានប្រាប់ក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-អឺរ៉ុបថា ក្រសួងសេដ្ឋកិច្ច បានកំណត់អាទិភាពចំនួន ៣ រួមមាន ១៖ ការស្តារឡើងវិញ (Recovery), ២៖ ការកសាងភាពធន់ (Resiliency) និង៣៖ ការរួបរួមគ្នា (Togetherness) សម្រាប់កិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុអាស៊ាន សំដៅគាំទ្រដល់មូលបទរួម របស់អាស៊ាន ឆ្នាំ ២០២២ ស្តីពី អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together) ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការ ស្តារឡើងវិញ នៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗផ្សេងទៀត ដែលអាចពិភាក្សា សម្រាប់កិច្ចប្រជុំអាស៊ានដូចជា ការបន្តរៀបចំ ASEAN Taxonomy ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីជាផែនទីបង្ហាញផ្លូវក្នុង ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៍ ដែលផ្តោតការគិតគូរខ្ពស់ ទៅលើការកាត់បន្ថយហានិភ័យ ពីការប្រែប្រួលអាកាសធាតុ និងការពង្រឹងគោលនយោបាយយកពន្ធលើទំនិញខុសច្បាប់ជាដើម៕

To Top