ព័ត៌មានជាតិ

ប្រមុខការទូត វៀតណាមមកដល់ប្រទេសកម្ពុជា ដេីម្បីបំពេញទស្សនកិច្ចរយៈពេល​២ថ្ងៃ

ភ្នំពេញ៖ ដូចការគ្រោងទុក លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២២។

សូមរំលឹកថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៨ មករា បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែងការគួរសមសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម

លោក ប៊ូយ ថាញ់សឺន នឹងមានជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។

ការបំពេញទស្សនកិច្ចពីមន្រ្តីជាន់ខ្ពស់វៀតណាម ខណៈឆ្នាំ២០២២នេះ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម២០២២» ។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ ៕

To Top