ព័ត៌មានជាតិ

មុត ចន្ថា ៖ លោក សម រង្ស៊ី និងគូកន ជាដើមចមនាំឲ្យរំលាយអតីតCNRP មិនមែនលោក កឹម សុខា ទេ (Video)

ភ្នំពេញ ៖ ស្របពេលតុលាការបានបន្តបើកសវនាការលោក កឹម សុខា ពីបទសន្ទិដ្ឋិភាព កាលពីថ្ងៃ១៩ មករា មនុស្សជំនិត លោក កឹម សុខា គឺលោក មុត ចន្ថា បានចេញមកទំលាយនៃការរំលាយអតីតគណបក្សសង្រ្គោះជាតិ(CNRP) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ គឺបណ្តាលមកពីលោក សមរង្ស៊ី និងគូកនមួយចំនួនមិនមែន លោក កឹម សុខា នោះទេ ។

ការថ្លែងរបស់លោកនេះ ដោយសារតែនៅក្នុងថ្ងៃបើកសវនាការលោក កឹម សុខា នេះ គឺលោក សម រង្ស៊ីបានលើកឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “ការចោទប្រកាន់គ្មានមូលដ្ឋានមកលើលោក កឹម សុខា គ្រាន់តែជាលេស ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ” ។

លោក មុត ចន្ថា នាថ្ងៃ២០ មករា នេះបានបង្ហាញក្នុងហ្វេសប៊ុកថា “ពិតណាស់ឯកឧត្តម កឹម សុខា មិនមែនជាមូលដ្ឋាននៃការរំលាយគណបក្សសង្រ្គោះជាតិនោះទេ ផ្ទុយទៅវិញលោក សម រង្ស៉ី និងគូកនមួយចំនួនទើបជាដើមហេតុ និងមូលដ្ឋានចម្បងនៃការរំលាយគណបក្សសង្រ្គោះជាតិ”។

លោកបង្ហាញពីហេតុផលច្បាប់២ចំណុច នាំឲ្យរំលាយអតីតគណបក្សសង្រ្គោះជាតិ ៖
ហេតុផលទី១- មកទល់ពេលនេះ (រំលងអាធ្រាត្រ ២ កញ្ញា ២០១៧ ដល់ត្រឹមថ្ងៃទី២០ មករា ២០២២) លោក កឹម សុខា នៅតែជាបុគ្គលពុំទាន់មានទោស ស្ថិតក្នុងឋានៈច្បាប់ជាជនជាប់ចោទនៅឡើយ។ គាត់មិនទាន់ក្លាយជាបុគ្គលដែលត្រូវបានជំនុំជម្រះទោសដោយមានសាលក្រម ឬសាលដីកាស្ថាពរដែលហៅថាជា«ទណ្ឌិត»នៅឡើយទេ។ ប្រសិនលោក កឹម សុខា ជាដើមហេតុ ឬជាមូលដ្ឋាននៃការរំលាយគណបក្សសង្រ្គោះជាតិ ដូចលោក សម រង្ស៉ី បានលើកឡើងនោះ លុះត្រាតែលោក កឹម សុខា ត្រូវបានតុលាការជំនុំជម្រះឲ្យមានទោសជាមុនសិន។

ហេតុផលទី២- សំណុំរឿងព្រហ្មទណ្ឌលោកកឹម សុខា ត្រូវបានបំបែកចេញជាពីរ នៅមុនពេលចៅក្រមស៊ើបអង្កេតបញ្ជូនដីកាដំណោះស្រាយទៅជំនុំជម្រះ កាលពីខែមករា ឆ្នាំ២០២០ ដោយសំណុំរឿងព្រហ្មទណ្ឌមួយទៀតក្រោមបទចោទដូចគ្នា គឺបទសន្ទិដ្ឋិភាព សម្រាប់លោក សម រង្ស៉ី និងគូកនមួយចំនួនទៀត ។ ជាក់ស្តែង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី រួមជាមួយអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ២នាក់ទៀត គឺលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ត្រូវបានផ្តន្ទាទោស និងដាក់ពន្ធនាគារ ២៥ឆ្នាំ ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ រីឯមនុស្ស ៦នាក់ផ្សេងទៀត រួមមាន៖ លោកស្រី ជូឡុង សូមួរ៉ា លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងលោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំរៀងៗខ្លួន។

បើតាមលោក មុត ចន្ថា ស្រង់សំដីអ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺលោក សម រង្ស៉ី ប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន១៤សំណុំរឿង ក្នុងនោះ៦សំណុំរឿងត្រូវបានតុលាការកាត់ទោសរួចហើយ។ តាមការណ៍ដែលបានដឹង លោក សម រង្ស៉ី កំពុងប្រឈមទោសពន្ធនាគារជាង៤២ឆ្នាំ ដោយមិនទាន់គិតបញ្ចូលសំណុំរឿងព្រហ្មទណ្ឌចំនួន៨ ផ្សេងទៀត។

មនុស្សជំនិតលោក កឹម សុខា បរិហារលោក សម រង្ស៉ីបន្តថា លោក សម រង្ស៊ីមានចរិតបៀមឈាមព្រួសដាក់អ្នកដទៃ ខណៈខ្លួនគាត់ប្រើប្រាស់សេរីភាពពីការរត់គេចខ្លួនដោយភាពកំសាកញីរបស់ខ្លួន បន្តប្រព្រឹត្តបទល្មើសប្រឆាំងនឹងច្បាប់កម្ពុជា ដោយមិនហ៊ានចូលខ្លួនតតាំងដោយផ្ទាល់នៅក្នុងតុលាការ។ អ្វីដែលលោក សម រង្ស៉ី ចោទមកលើលោក កឹម សុខា ថាជាដើមចមនៃការអតីតរំលាយគណបក្សសង្រ្គោះជាតិ គឺជាអំពើទុច្ចរិត ដើម្បីបិទបាំងពីកំហុសនិងការទទួសខុសត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ៕

To Top