នយោបាយ

សម្តេចតេជោ ប្រាប់តំណាង វៀតណាមថា អាស៊ាន មិនមានការងារ ពាក់ព័ន្ធតែមីយ៉ាន់ម៉ាទេ គឺមានច្រើនទៀត (Video)

ភ្នំពេញ ៖ ជាថ្មីម្តងទៀត នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់រដ្ឋមន្រ្តី ការបរទេសវៀតណាមថា ក្នុងនាមសម្តេច ជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះថា គឺមានការងារពាក់ព័ន្ធ ជាច្រើន ដែលត្រូវធ្វើ មិនមែនមានតែការងារ ដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ាមួយនោះទេ ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។

ការបញ្ជាក់ទៅកាន់តំណាងវៀតណាមនេះ ក្នុងឱកាសសម្តេចតេជោ បានអនុញ្ញាតឲ្យលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបពិភាក្សាការងារនៅថ្ងៃ២០ មករា ខណៈរដ្ឋមន្រ្តីការបរទេសវៀតណាមរូបនេះ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ។

សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នអាស៊ាន មានការងារធ្វើច្រើន ដូច្នេះមិនមែនតែការងារពាក់ព័ន្ធនឹង ប្រទេសមីយ៉ាន់ម៉ាទេ ។ សម្ដេចតេជោក៏បានលើកឡើងម្ដងទៀតថា អាស៊ាន មិនមែនជាចំណាប់ខ្មាំង នៃប្រទេសមីយ៉ាន់ម៉ានោះទេ ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចអះអាងថា សម្តេចនៅតែបន្តខិតខំ ជួយដល់មីយ៉ាន់ម៉ា។

ជាមួយគ្នានេះ សម្តេចក៏បានលើកពីដំណើរទស្សនកិច្ច របស់សម្ដេចទៅមីយ៉ាន់ម៉ាផងដែរ ។ ដោយសម្តេចថា នឹងខិតខំធ្វើយ៉ាងណា ជំរុញស្ថានភាពមីយ៉ាន់ម៉ា ឲ្យប្រសើរឡើងវិញ ។

ចំណែក លោក ប៊ូយ ថាញ់សឺន បានអបអរសាទរ ចំពោះដំណើរបំពេញទស្សនកិច្ច របស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា ។ លោកចាត់ទុកទស្សនកិច្ចនេះ គឺមានសារៈសំខាន់ សម្រាប់ការងារអាស៊ាន ហើយលោកគាំទ្រ ចំពោះសកម្មភាពសម្ដេច បានចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ា ។

ក្នុងពិធីបើកវេទិកា ទេសចរណ៍ អាស៊ាន លើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ នាថ្ងៃ១៨ មករា សម្ដេចតេជោ បានថ្លែងថា អាស៊ាននឹងមិនក្លាយ ជាចំណាប់ខ្មាំង នៃបញ្ហាមីយ៉ាន់ម៉ានោះឡើយ ព្រោះអាស៊ានមានបញ្ហា ជាច្រើនទៀត ដែលត្រូវដោះស្រាយ ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកឡើងវិញនូវវិស័យទេសចរណ៍ ក្នុងតំបន់ និងបញ្ហាកូវីដ-១៩ជាដើម ៕

To Top