ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រាប់ដល់យុវជន ឲ្យប្រព្រឹត្តអំពើល្អ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ

កំពង់ចាម ៖ ក្នុងពិធីបើកការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជនផ្នែកបច្ចេកវិទ្យាក្រោមម្លប់សន្តិភាព” នៅបរវិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ាម នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់ដល់ក្រុមយុវជនសិស្សានុសិស្សទាំងអស់ឲ្យប្រព្រឹត្តអំពើល្អ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្មួយៗសិស្សានុសិស្ស ជាកម្លាំងដ៏សកម្មរបស់ក្រុមប្រឹក្សា យុវជន មកពីវិទ្យាល័យនានាក្នុងទូទាំងខេត្តកំពង់ចាម ដែមានវត្តមានចូលរួម ការបោះជំរំយុវជន ខេត្តកំពង់ចាមនេះ និងសូមកោតសរសើចំពោះ ក្មួយៗដែលកន្លងមកបានយកអស់ កម្លាំងកាយ បញ្ញា ស្មារតី ខិតខំប្រឹងប្រែងបំពេញតួនាទីដ៏ថ្លៃថ្លា ក្នុងការងារក្រុមប្រឹក្សាយុវជន រហូតទទួលបានកិត្តិនាម ជាកូនល្អ សិស្សល្អ ពិសេសត្រូវបានថ្នាក់នាំ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យយុវជន មន្រ្តី បុគ្គលិក លោកគ្រូ អ្នកគ្រូ ធ្វើការជ្រើសរើសឲ្យចូលរួម ការបោះជំរំយុវជន នាពេលនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបោះជំរំយុវជន គឺជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជំរំនេះ ធ្វើឱ្យយុវជន អភិវឌ្ឍជំនាញ របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គលចេះទទួលខុសត្រូវ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព។

ផ្ទាំងពាណិជ្ជកម្ម

ម្យ៉ាងទៀត ការបោះជំរំយុវជនជាការងារបង្ករលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្រ្ត តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ និងការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែមទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការ រៀបចំកម្មវិធីជំរំបានគ្រោងទុក។ ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួល ខុសត្រូវតាមឋានានុក្រមដូចជា៖ ប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខាឱ្យដឹកនាំ អនុវត្ត។ ទាំងអស់នេះហើយដែល គេហៅថា ការរៀនដោយការអនុវត្ត ហើយនៅពេលដែល ក្មួយៗឆ្លងកាត់ការរៀនដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតីម្ចាស់ការលើការងារគ្រប់គ្រង ក្មួយៗនឹងទទួលបានបទពិសោធន៍ទៅតាមកម្មវិធីដែល គណៈកម្មការ បានកំណត់ និងណែនាំ។ទន្ទឹមនឹងនោះក្មួយៗយុវជន បានហាត់ បានរៀនតាមការអនុវត្ត ដោយផ្ទាល់ ដើម្បីអភិវឌ្ឍ បំណិនជីវិតរបស់ក្មួយៗក្នុងរយៈពេលនៃដំណើរការបោះជំរំនេះ។

ដូចនេះការបោះជំរំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈ របស់យុវជនឱ្យមានភាពពេញលេញលើផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិន ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គម៕

To Top