នយោបាយ

ករណីរឿងក្ដីលោក កឹម សុខា លោក សយ សុភាព ព្រលយពាក្យថា «ផ្លូវដើរនៅវែងឆ្ងាយ»

ភ្នំពេញ៖ ផ្សារភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ជុំវិញករណីសវនាការ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បង្ហើបនូវពាក្យយ៉ាងខ្លីថា «ផ្លូវដើរនៅវែងឆ្ងាយ»។

ការលើកឡើងរបស់ លោក សយ សុភាព បែបនេះ បន្ទាប់ពីមានការអត្ថាធិប្បាយផ្សេងៗគ្នា អំពីសវនាការរបស់អតីតបេបក្សប្រឆាំង លោក កឹម សុខា ខណៈពេលដែលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ មករា សម្រេចថា នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿងក្ដីនេះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ខាងមុខតទៅទៀត ។

តាមរយគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ផ្លូវដើរនៅវែងឆ្ងាយ ខុសពីករណីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊ុនស៊ិន បុិចនៅឆ្នាំ១៩៩៨»។

លោក សយ សុភាព បន្តថា «ករណីបច្ចុប្បន្ន មិនអាចកាត់ផ្តាច់បាន ទៅនឹងភូមិសាស្ត្រនយោបាយ និង ឥទ្ធិពលមហាអំណាច ពិសេសក្រុមភ្នែក៥ ទល់នឹងចិន»។

លោក សយ សុភាព បញ្ជាក់ថា «អាមេរិក ពិបាកទប់ទល់ឥទ្ធិពលចិន នៅម្តុំតំបន់នេះណាស់។ ជាពិសេស ចិនមិន អនុញ្ញាត្តឱ្យមានតំបន់ឥណ្ឌូចិនឡើងវិញដើម្បីហ៊ុព័ទ្ធចិនឡើយបើទោះបីចង់ក៏មិនអាចដែរ។ ខ្មែរ មិនត្រូវការដាច់ខាតហើយក៏មិនចង់ឮដែរ»។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានផ្ដាំដល់ជនជាតិខ្មែរ ត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី និង ថែរក្សាឱ្យបានរបស់កម្រ « ២៩ ធ្នូ ១៩៩៨» ដែលថ្ងៃណាមួយទៅជាថ្ងៃបុណ្យជាតិ ឈប់សម្រាកបន្ទាប់បានអនុញ្ញាត្តិ បញ្ចូលទៅក្នុងប្រតិទិន៕

ពាក់ព័ន្ធនឹងថ្ងៃ២៩ ធ្នូ ១៩៩៨ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចកំណត់យកដាក់ចូល ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ដោយអនុវត្តចាប់ពីឆ្នាំ២០២២ តទៅ ។

To Top