ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ បុរសជាប់ចោទ ជនជាតិចិន ៧ នាក់ ជាប់ពាក់ព័ន្ធនឹងការប្លន់ ថៅកែចិនលក់សម្ភារ: សំណង់ ម្នាក់ នៅភ្នំពេញ

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទ ជនជាតិចិនចំនួន៧នាក់ ជាប់ពាក់ព័ន្ធនឹងការរួមគំនិត គ្នាប្លន់ មាសប្រាក់ គ្រឿងអលង្កការ និង វត្ថុមានតម្លៃ ជាង ១១ ម៉ឺនដុល្លារ ពី បុរសចិនម្នាក់ ដែលជា ចៅកែហាងលក់សម្ភារ: និង គ្រឿងសំណង់ ប្រព្រឹត្តនៅ ខុនដូភាឡាជាឡេស បន្ទប់លេខ ២១០៥ ផ្លូវលេខ ៣៦៦ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។

លោកស្រី ខៀវ សុខា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទចិនទាំង៧ នាក់ខាងលើនេះ មានមានឈ្មោះ Shan Shiquan, Wei Bingwen, Shen Meng, Ye Sansen, Wang Peng, Xiang Yan, និង Zhou He Jian។
ពួកគេ ត្រូវបាន សាលាខេត្តដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នំា និង បង្គាប់ឱ្យ រួមគ្នា សងជម្ងឺចិត្តដល់ជនរងគ្រោះ ចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ពីបទ« លួចមានស្ថានទម្ងន់ទោស» តាមបញ្ញាតិមាត្រា ៣៥៣ និង ៣៥៧ នៃ ក្រមព្រហ្មទណ្ឌ។ តែ ពួកគេបានប្តឹងឧទ្ធរណ៍។

ពួកគេត្រូវបានត្រូវចាប់ឃាត់ខ្លួន នៅទីតាំងផ្សេងៗគ្នា កាលថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ តាមបណ្តឹងរបស់ជនរងគ្រោះ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២២៕

ដោយ៖ គា លីហ្សា

To Top