ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ប្អូនៗសិស្សនិស្សិតទាំងអស់ គឺជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថ្លែងក្រើនរំលឹកដល់សិស្ស និស្សិតទាំងអស់ថា ប្អូនៗគឺជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ខណៈពេលអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ និងចែកប័ណ្ណសរសើរ ដល់និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់ទៀតថា « ចំពោះប្អូនៗសិស្ស និស្សិតទាំងអស់ត្រូវចងចាំថា ប្អូនៗ គឺជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនារបស់ខ្លួន នាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាចបើកផ្លូវឱ្យប្អូនៗទាំងអស់ ទទួលបានអនាគតដ៏រុងរឿង »។ ចំណេះវិជ្ជា និងសីលធម៌ ជាក្រុមគ្រួសារ ដូចនេះ ចូរប្អូនៗសិស្សនិស្សិតទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ចំពោះមុខរបស់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។

លោកអភិបាលខេត្តបានបញ្ជាក់ថា ឆ្នាំសិក្សាថ្មីនេះ និងឆ្នាំសិក្សាបន្តខាងមុខទៀត ជាបញ្ហាដែលត្រូវប្រឈមមុខ គឺការលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សា ឱ្យមានតុល្យភាព សមស្របទៅនឹងទីផ្សារការងារ និងការពង្រីកបរិមាណអប់រំ ដែលប្រការនេះ គឺជាគោលដៅពីរនៃសកម្មភាពមួយ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន។ ការលើកកម្ពស់គុណភាពអប់រំ ត្រូវកែលម្អល័ក្ខខ័ណ្ឌចាំបាច់នានា នៃសកម្មភាពបង្រៀន និងរៀន និងបន្ថែម គ្រូបង្រៀន ពីព្រោះថា ចំនួននិស្សិតចូលមកសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែក ឯតម្រូវការរបស់ទីផ្សារការងារ ក៏ដូចជាសង្គមសុទ្ធតែទាមទាររកធនធានមនុស្សដែលមានសមត្ថភាព។

ផ្ទាំងពាណិជ្ជកម្ម

លោកមួន វាសនា សាកលវិទ្យាធិការង នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំសិក្សា ២០២១-២០២២ ការអភិវឌ្ឍសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម មានផែនការយុទ្ធសាស្រ្តរយះខ្លី រយៈពេលមធ្យម និងរយះពេលវែង ព្រមទាំងផែនការយុទ្ធសាស្រ្តថវិការំកិល និងការពិនិត្យតាមដានលទ្ធផលជាក់លាក់ ពី១ឆ្នាំទៅ១ឆ្នាំអោយស្របតាមផែនការ យុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។

សាកលវិទ្យាល័យ នឹងអនុវត្តន៍ន៏តាមចក្ខុវិស័យ ច្បាស់លាស់ប្តេជ្ញាបណ្តុះ បណ្តាលនិស្សិតអោយមាន គុណភាព សមត្ថភាព និង ក្រមសីលធម៌ ធ្វើអោយសញ្ញាបត្ររបស់UME កាន់តែមានការទទួលស្គាល់នៅក្នុងកំរិតជាតិ កំរិតតំបន់អាស៊ាន និងអន្តរជាតិបន្ថែមទៀត នឹងខិតខំស្វះស្វែងរកដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីផ្តល់ចំណេះដឹងផ្នែកអនុវត្ត តាមរយៈការធ្វើសិក្ខាសិលាចែករំលែកបទពិសោធន៍ការងារ ស្តែងដល់និស្សិត ផ្តល់ឱកាសឱ្យនិស្សិតអាចចុះកម្មសិក្សា ស្វែងរកការងារធ្វើ ទទួលបានផ្តល់ហារូបករណ៍ និងទស្សនកិច្ចសិក្សា នៅក្រៅប្រទេសផងដែរ៕

To Top