ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស សង្ស័យម្នាក់ ពាក់ព័ន្ធអំពើ ឃាតកម្ម ចាក់សម្លាប់ប្រពន្ធខ្លួនឯង នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលក្រុងច្បារមន កាលពី រំលងអធ្រាត្រ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ទៀបភ្លឺ ឈានចូល ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួនបុរស សង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយយកកាំបិតស្រួច ចាក់ទៅលើប្រពន្ធខ្លួនឯង ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធម នៅហ្នឹងកន្លែងកើតហេតុ ប្រព្រឹត្ត នៅចំណុចហាងយីហោ អាណាចក្រម្ហូបខែ្មរ (ហៅរាត្រីអាន់ឆ័រ) ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានគរបាល បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ប៉ោង ធឿន អាយុ ២៨ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ធ្វើការក្នុងហាងជាមួយគ្នា (ត្រូវជាប្តី) ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ទឹម ស្រីនី អាយុ ២២ឆ្នាំ មុខរបរចុងភៅ បម្រើការនៅក្នុងហាងយីហោ អាណាចក្រម្ហូបខែ្មរ (ហៅរាត្រីអាន់ឆ័រ) មានទីលំនៅ នៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ (ត្រូវជាប្រពន្ធ) ។

យោងតាមសាក្សី, នៅមុនពេលកើតហេតុ ជន សង្ស័យឈ្មោះ ប៉ោង ធឿន ដែលត្រូវជាប្តី និង ដែលមានជម្លោះពាក្យសម្តីនឹងប្រពន្ធ, បានកាន់កូនកាំបិតដើរ ចូលទៅក្នុងបន្ទប់ប្រពន្ធខ្លួន ហើយធ្វើសកម្មភាព ចាក់ទៅលើប្រពន្ធឯង ចំនួន ៣កាំបិត បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម ។

បន្ទាប់ពីចាក់សម្លាប់ប្រពន្ធ, ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ភ្លាមៗ នៅហ្នឹងកន្លែង។

យោងតាមការចម្លើយរបស់ជនសង្ស័យ, អំពីហិង្សាខាងលើនេះ គឺ បណ្តាលមកពីភ្លើងស្នេហា និង ជម្លោះពាក្យសម្តីគ្នា។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ចំណែកឯ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលជំនាញ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ គា លីហ្សា

To Top